ប្រធានាធិបតី អាមេរិកលោក Donald Trump បានធ្វើទស្សនកិច្ចនៅស្តូបរំឭកវិញ្ញាណក្ខន្ធលោក Martin Luther King, Jr នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសម្តែងការគោរពវិញ្ញាណក្ខន្ធរបស់មេដឹកនាំសិទ្ធិពលរដ្ឋរូបនេះដែលថ្ងៃបុណ្យជាតិរបស់អាមេរិក។ លោក Trump និងអនុប្រធានាធិបតីអាមេរិកលោក Mike Pence បានដាក់កម្រងផ្កានៅឯរូបសំណាករំឭកវិញ្ញាណក្ខន្ធនេះ។
លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ថ្ងៃនេះគឺជាថ្ងៃដ៏សំខាន់មួយ។ ក៏ប៉ុន្តែលោកមិនបានឆ្លើយនឹងសំណួរអំពីការបិទទ្វាររដ្ឋាភិបាលនោះទេ។ ការបិទទ្វារនេះស្ទើរតែបណ្តាលឲ្យលុបចោលពិធីគោរពខួបលោក Martin Luther King ដែលត្រូវរៀបចំឡើងនៅឯវិហារគ្រិស្តសាសនានៅទីក្រុងអាត្លង់តា។ វិហារនេះគឺជាផ្នែកមួយនៃឧទ្យានជាតិប្រវត្តិសាស្ត្រ Martin Luther King និងត្រូវបានបិទទ្វារដោយសារការបិទទ្វាររដ្ឋាភិបាល។ ពិធីគោរពខួបប្រចាំឆ្នាំនេះស្ថិតក្នុងភាពស្រពេចស្រពិលរហូតដល់ពេលដែលក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ដែលមានទីស្នាក់ការធំនៅទីក្រុងអាត្លង់តាផ្តល់ថវិកាដើម្បីឲ្យសេវាកម្មឧទ្យានជាតិនេះបើកទ្វារឡើងវិញ។
លោកស្រី Bernice King ដែលជាកូនស្រីរបស់លោក Martin Luther King បានថ្លែងនៅឯពិធីគោរពខួបឳពុករបស់លោកស្រីកាលពីថ្ងៃចន្ទថារដ្ឋធានីវ៉ាស៊ីនតោនស្ថិតក្នុងវិបត្តិ។ លោកស្រីបានថ្លែងថា «មនុស្សជាតិរបស់យើងកំពុងបែកបាក់ជាពីរក្រុម និងកំពុងក្លាយជាសហរដ្ឋអាមេរិកដែលមានការបែកបាក់»។
ជាមួយគ្នានោះផងដែរបេក្ខភាពប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យជាច្រើនរូបក៏បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធអ្នកដឹកនាំសិទ្ធិស៊ីវិលរូបនេះផងដែរ។ អតីតអនុប្រធានាធិបតីលោក Joe Biden ដែលបាននិយាយថាលោកកំពុងពិចារណាឈរឈ្មោះបោះឆ្នោតប្រធានាធិបតីប៉ុន្តែលោកមិនទាន់បានប្រកាសអំពីបេក្ខភាពរបស់លោកជាផ្លូវការនៅឡើយទេ៕