លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកដូណាល់ ​ត្រាំ ​ទៅ​បំពេញ​ទស្សនកិច្ច​រដ្ឋ​តិចសាស​នៅពេលដែល​ព្យុះសង្ឃរាបន្ត​បក់បោក​តំបន់​នោះដោយ​​

រូបភាពឯកសារ៖​ រដ្ឋ Texas ត្រូវ​ទឹកលិច​ដោយ​ព្យុះ​ត្រូពិកហាវី។

កាល​ពី​ថ្ងៃ​អង្គារ លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ​និង​លោកស្រី​ទី១ Melania Trump បាន​ទៅ​បំពេញ​ទស្សនកិច្ច​តំបន់​នោះ​ដែល​នៅទី​នោះ​ពួក​មេដឹកនាំ​មូលដ្ឋាន​បាន​ជម្រាប​អស់​លោក​ពីកិច្ចខំប្រឹង​ប្រែង​ជួយ​សង្គ្រោះ​និង​ការ​ស្តារ​តំបន់​នោះ​ឡើង​វិញ។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ​កាល​ពីថ្ងៃ​អង្គារ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​រដ្ឋ​តិចសាស​ភាគ​អាគ្នេយ៍​ដែល​បាន​បន្ត​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ដោយសារ​ការ​បន្សល់​ទុក​ដោយ​ព្យុះសង្ឃរាហាវី។ ដំណើរ​ទស្សន​កិច្ច​របស់​លោក​ត្រាំ​ជាផ្នែក​មួយ​នៃការ​ខំប្រឹងប្រែង​ដើម្បី​បង្ហាញ​ពីការឆ្លើយ​តប​របស់រដ្ឋាភិបាល​សហព័ន្ធ​ដល់​ព្យុះ​នេះ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​យ៉ាង​ខ្លាំង​ក្នុង​ប្រវត្តិសាស្រ្ត​ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងហោច​ណាស់៩នាក់​ស្លាប់។​

ព្យុះ​សង្ឃរាហាវីឥឡូវនេះគឺ​ជា​ព្យុះ​តំបន់​ត្រូ​ពិក​ដែល​មានការ​ធ្លាក់​ភ្លៀង​ដ៏​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​សហរដ្ឋ​អាមេរិក។ ទីក្រុងHouston ​មាន​ទឹកភ្លៀង​កំពស់​១២៥​សង់ទីម៉ែត្រ​ នេះ​យោងតាម​សេវាកម្ម​អាកាស​ធាតុ​ជាតិ។

ទឹក​នៅ​គ្រប់​ទីកន្លែង ហៀរទំនប់ លេចលង់​ផ្លូវ​និង​ផ្ទះ​សម្បែង។ពួក​អាជ្ញាធរ​បាន​ជួយ​សង្គ្រោះ​មនុស្ស​រាប់​ពាន់​នាក់។ ពួកគេ​ភាគ​ច្រើន​បាន​ស្ថិត​នៅ​លើ​ដំបូលផ្ទះ​។​មនុស្ស​ផ្សេង​ទៀត​បាន​រត់គេច​ខ្លួន ​ដោយយក​របស់​របរ​របស់​ខ្លួន​តាម​លទ្ធភាព​ដែល​ពួកគេ​អាច​ធ្វើ​បានទៅកាន់​ទី​ជម្រក​នៅ​កន្លែង​ដីខ្ពស់។

កាល​ពី​ថ្ងៃ​អង្គារ លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ​និង​លោកស្រី​ទី១ Melania Trump បាន​ទៅ​បំពេញ​ទស្សនកិច្ច​តំបន់​នោះ​ដែល​នៅទី​នោះ​ពួក​មេដឹកនាំ​មូលដ្ឋាន​បាន​ជម្រាប​អស់​លោក​ពីកិច្ចខំប្រឹង​ប្រែង​ជួយ​សង្គ្រោះ​និង​ការ​ស្តារ​តំបន់​នោះ​ឡើង​វិញ។ លោក​ប្រធានាធិបតី​ត្រាំ​បាន​ថ្លែងថា៖«​យើង ​មិន​ទាន់​និយាយ​កោតសរសើរទេ។​យើង​មិន​ចង់​និយាយ​ពាក្យ​នេះ​ទេ។​ យើង​មិន​ចង់​ប្រើ​ពាក្យ​នោះទេ។​ យើង​នឹង​កោតសរសើរ​គ្នាទៅ​វិញ​ទៅមក​នៅពេល​ដែល​កិច្ច​ការ​ទាំង​អស់ចប់​សព្វ​គ្រប់។ក៏ប៉ុន្តែ អស់​លោក​ធ្វើ​បាន​ល្អ​ណាស់»។

ក្រោយ​មក ​លោក​ប្រធានា​ធិបតី​ត្រាំបាន​ថ្លែង​ទៅកាន់​ពួក​អ្នកគាំទ្រដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​ដោយ​មាន​សុទិដ្ឋិនិយម។ ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ថ្លែង​ថា៖

«នេះ​ជា​ប្រវត្តិសាស្រ្ត។ វា​មិន​ធ្លាប់​មានកាល​ពីពេល​មុន​ទេ។ ក៏ប៉ុន្តែអស់​លោក ​អ្នកដឹង​ទេ ​វាបាន​កើត​មាន​ឡើង​នៅក្នុងរដ្ឋតិចសាស ​ហើយ​តិចសាស​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។​ អរគុណ​អស់​លោក ​អ្នកទាំងអស់​គ្នា‍»។​

លោក​ប្រធានាធិបតី​ត្រាំ​បាន​បង្ហាញ​ភាព​ជា​មេដឹកនាំ​ក្នុង​អំឡុង​ពេលមាន​មហន្ត រាយ​ធម្មជាតិ​លើក​ដំបូង​ក្នុង​អំឡុង​រដ្ឋបាល​របស់​លោក។ក៏ប៉ុន្តែ វា​នៅ​ឆាប់ពេក​ហើយ​គេ​មិនទាន់​អាច​វាយតម្លៃ​ការឆ្លើយតប​របស់​រដ្ឋាភិបាល​នៅ​ឡើយទេ ពីព្រោះ គ្រោះ​មហន្តរាយ​ធំ​បំផុត​ហាក់​ដូចជា​ពុំទាន់​មក​ដល់​នៅឡើយ។

ពួកអ្នក​ព្យាករណ៍​អាកាស​ធាតុរំពឹង​ថា ក្នុង​រយៈ​ពេល​ប៉ុន្មានថ្ងៃ​ទៀតភ្លៀង​យ៉ាង​ច្រើន​នឹង​ធ្លាក់នៅ​ក្រុង Houston ​ហើយ​ទឹក​ជំនន់​មិនត្រូវ​គេ​រំពឹង​នឹងឡើង​ដល់​កំពូលទេ ទាល់​តែ​ចុង​សប្តាហ៍​នេះ។

នៅពេល​ដែល​ទឹកស្រក ​ចំនួន​មនុស្ស​ស្លាប់​ត្រូវគេរំពឹង​នឹង​កើន​ឡើង​នៅពេល​ដែល​ពួគអាជ្ញាធរ​ចាប់​ផ្តើម​ស្វែង​រក​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន