ដោយហៅសេចក្តីព្រាងច្បាប់ការចំណាយខាងការពារប្រទេសថា ជា«អំណោយ»ដល់ប្រទេសចិននិងរុស្ស៊ី លោកប្រធានាធិបតី Donald Trump កាលពីរសៀលថ្ងៃពុធម្សិលមិញបានបោះឆ្នោតវ៉េតូប្រឆាំងនឹងសេចក្តីព្រាងច្បាប់ប្រចាំឆ្នាំមួយនោះ។
សេចក្តីព្រាងច្បាប់ការពារជាតិឬ National Defense Authorization Act នោះគ្រោងនឹងផ្តល់ថវិកាដល់ក្រសួងការពារប្រទេសនូវទឹកប្រាក់ជាង៧៤០ពាន់លានដុល្លារ។
លោកប្រធានាធិបតី Trump បានសម្តែងនូវការមិនសប្បាយចិត្តជាមួយសេចក្តីព្រាងច្បាប់នោះជាយូរយារណាស់មកហើយដោយបានហៅសេចក្តីព្រាងច្បាប់នោះថា «ខ្សោយ» ហើយនិយាយថា លោកនឹងបោះឆ្នោតវ៉េតូប្រឆាំងនឹងសេចក្តីព្រាងច្បាប់នោះ ប្រសិនបើ វាមិនបានលុបចោលផ្នែក២៣០នៃច្បាប់ Communications Decency Act ឆ្នាំ១៩៩៦ ដែលការពារក្រុមហ៊ុនបណ្តាញសង្គមមិនឲ្យទទួលខុសត្រូវចំពោះខ្លឹមសារដែលក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយព័ត៌មានភាគច្រើនត្រូវទទួលខុសត្រូវនោះ។
លោកប្រធានាធិបតីក៏ចង់ដកចេញភាសាដែលនឹងប្តូរឈ្មោះមូលដ្ឋានយោធាខ្លះដែលបានដាក់ឈ្មោះរបស់មេដឹកនាំអតីតរដ្ឋខាងត្បូង ឬ Confederate។
កាលពីថ្ងៃពុធម្សិលមិញ លោកប្រធានាធិបតី បាននិយាយថា សេចក្តីព្រាងច្បាប់នោះ «មិនបានដាក់បញ្ចូលវិធានការសន្តិសុខជាតិសំខាន់ៗ រួមមានមាត្រាដែលមិនគោរពអតីតយុទ្ធជនរបស់យើងនិងប្រវត្តិរបស់យោធាយើង ហើយនឹងប្រឆាំងការខំប្រឹងប្រែងគោលនយោបាយរបស់រដ្ឋបាលខ្ញុំដែលយកអាមេរិកជាចម្បងក្នុងសកម្មភាពសន្តិសុខជាតិនិងគោលនយោ បាយការបរទេសរបស់យើង។ វាជា«អំណោយ»មួយដល់ប្រទេសចិននិងរុស្ស៊ី»។
លោកក៏បាននិយាយដែរថា សេចក្តីព្រាងច្បាប់នេះ ធ្វើឲ្យអន្តរាយអំណាចរបស់លោកជាអគ្គមេបញ្ជាការដើម្បីនាំកងទ័ពអាមេរិកមកកាន់ប្រទេសវិញ។
ការបោះឆ្នោតវ៉េតូនេះកើតមានឡើងបើទោះបីជាសមាជិកជាច្រើននៃគណបក្សសាធារណរដ្ឋរបស់លោក Trump រួមទាំងប្រធានព្រឹទ្ធសភាលោក Mitch McConnell ផង បានទទូចឲ្យលោកប្រធានាធិបតីចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នោះ។
ទាំងរដ្ឋសភានិងព្រឹទ្ធសភាអាមរិកបានអនុម័តដោយសំឡេងភាគច្រើនដាច់ខាត ដែលនឹងជម្នះអំណាចវ៉េតូរបស់ប្រធានាធិបតី៕