លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំនិងប្រធានាធិបតី Shavkat Mirziyoyev មេដឹកនាំកំណែទម្រង់នៃប្រទេសអ៊ូសបេគីស្ថានបានជួបគ្នាកាលពីថ្ងៃពុធនៅឯសេតវិមាន ដោយបញ្ហាសន្តិសុខនៅក្នុងតំបន់អាស៊ីកណ្តាល ការប្រយុទ្ធប្រឆាំងភេរវកម្ម កិច្ចព្រមព្រៀងពាណិជ្ជកម្មនិងសិទ្ធិមនុស្សក្នុងប្រទេសអ៊ូសបេគីស្ថានស្ថិតនៅលើរបៀបវារៈលើគេ។
ប្រធានាធិបតី Mirziyoyev ដែលបានកាន់អំណាចរយៈពេល២០ខែបន្ទាប់ពីការស្លាប់លោក Islam Karimov មេដឹកនាំផ្តាច់ការយូរអង្វែងរបស់ប្រទេសនោះ នឹងពិភាក្សាជាមួយប្រធានាធិបតីត្រាំនៅសេតវិមាន ហើយបន្ទាប់មកទទួលទានអាហារពេលថ្ងៃត្រង់ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់សហរដ្ឋអាមេរិកដើម្បីជួបជាមួយពួកមន្ត្រីអាមេរិកាំងនិងមេដឹកនាំនៅធនាគារពិភពលោក។
មេដឹកនាំប្រទេសអ៊ូសបេគីស្ថានដែលមានអាយុ៦០ឆ្នាំ ចង់ទាក់ទាញការវិនិយោគទុនរបស់ក្រុមហ៊ុនអាមេរិកាំងកាន់តែច្រើនឡើងចូលក្នុងប្រទេសរបស់លោកដែលមានពលរដ្ឋ៣២លាននាក់ដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាម។ មុនពេលជំនួបរបស់លោក Mirziyoyev ជាមួយប្រធានាធិបតីត្រាំ ពួកមន្ត្រីសេតវិមានបាននិយាយថា ពួកមន្ត្រីអ៊ូសបេគីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន២០ដែលមានទឹកប្រាក់៤ពាន់៨រយលានដុល្លារដែលល្មមគ្រប់គ្រាន់ដើម្បីបង្កើតការងារជាង១ម៉ឺននៅសហរដ្ឋអាមេរិក។
ពួកមន្ត្រីជាន់ខ្ពស់សេតវិមានបាននិយាយថា ប្រទេសអ៊ូសបេគីស្ថានដែលកាលមុនជាអតីតសាធារណរដ្ឋរបស់សហភាពសូវៀត បានដើរតួនាទីដ៏សំខាន់ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះនៅក្នុងការជួយគាំទ្រកិច្ចប្រតិបត្តិការខាងយោធារបស់សហរដ្ឋអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថានដែលជាប្រទេសជិតខាងក៏ប៉ុន្តែ សហរដ្ឋអាមេរិកមិនស្វែងរកធ្វើជាទីតាំងរបស់កងទ័ពអាមេរិកក្នុងប្រទេសអ៊ូសបេគីស្ថានទេ៕