លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ និយាយថា លទ្ធផលនៃសន្និសីទកំពូលជាប្រវត្តិសាស្រ្តជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅសប្តាហ៍ក្រោយអាស្រ័យលើជំហរនិងឆន្ទៈជាងការប្រុងប្រៀបរៀបចំខ្លួន។
ដោយអង្គុយនៅក្បែរនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe មុនជំនួបរបស់អស់លោកនៅឯសេតវិមានកាលពីថ្ងៃព្រហស្បត៍ ប្រធានាធិបតីត្រាំបាននិយាយថា លោកបានប្រុងប្រៀបខ្លួនដើម្បីចូលរួមសន្និសីទកំពូលនៅក្នុងប្រទេសសិង្ហបូរីដែលលោកបានពណ៌នាថាមានលើសពីការថតរូបជាមួយគ្នាទៅទៀត។
លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ថា «កូរ៉េខាងជើងត្រូវតែធ្វើកុំឲ្យមានអាវុធនុយក្លែអ៊ែតទៅទៀត។យើងមិនអាចដកចេញទណ្ឌកម្មទេ»។
លោកនាយករដ្ឋមន្រ្តីជប៉ុន Abe ក៏នឹងពិគ្រោះជាមួយលោកប្រធានាធិបតីត្រាំអំពីការព្រួយកង្វល់របស់ប្រទេសលោកអំពីចំពោះសន្និសីទកំពូលនោះដែរ។មេដឹកនាំទាំង២នឹងនិយាយទៅកាន់ពួកអ្នកយកព័ត៌មានបន្ទាប់ពីជំនួបរបស់អស់លោក។
មុនពេលចាកចេញទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នាយករដ្ឋមន្រ្តីជប៉ុន Abe បាននិយាយថា រដ្ឋាភិបាលរបស់លោកចង់ឃើញការជឿនលឿនស្តីពីការកម្រិតកម្មវិធីនុយក្លែអ៊ែរនិងការងារកាំជ្រួចបាល់លីស្ទិករបស់កូរ៉េខាងជើង ហើយលោកចង់ឃើញប្រធានាធិបតីពិភាក្សាជាមួយគីម ជុងអ៊ុន អំពីបញ្ហាជនជាតិជប៉ុនដែលត្រូវបានកូរ៉េខាងជើងចាប់ពង្រត់ក្នុងអំឡុងទសវត្សរ៍១៩៧០និង១៩៨០។
មហាអំណាចផ្សេងទៀតនៅក្នុងតំបន់មានសំឡេងកាន់តែច្រើនឡើងនៅក្នុងប្រទេសសិង្ហបូរី។ មេដឹកនាំចិននិងកូរ៉េខាងត្បូងបានជួបគ្នាជាមួយគីម ជុងអ៊ុនចំនួន២ដងដោយបន្ថែមការពិគ្រោះជាមួយរដ្ឋបាលលោកត្រាំ ហើយខណៈដែលលោក Abe បានផ្តល់សញ្ញាថា លោកបើកឲ្យមានការចរចាបែបនេះ មិនទាន់មានការចរចាបែបនេះបានកើតមានឡើងទេ៕