ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា កងកម្លាំងសហរដ្ឋអាមេរិក «ត្រៀមខ្លួនរួចរាល់ហើយ» ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដ៏ខ្លាំងក្លាលើតំបន់ប្រេងដ៏ធំបំផុតមួយរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងកន្លែងចម្រាញ់ប្រេងឆៅដ៏ធំបំផុតនៅលើពិភពលោក។
លោក Trump បានសរសេរនៅលើ Twitter កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញថា៖ «មានមូលហេតុដែលជឿថា យើងស្គាល់អ្នកធ្វើការវាយប្រហារនេះ»។ លោកបានបន្ថែមថា លោកកំពុងរង់ចាំស្ដាប់ការឆ្លើយតបពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតចំពោះថាតើប្រទេសនេះជឿថានរណាដែលស្ថិតនៅពីក្រោយនៃការវាយប្រហារនេះ និងថាតើ «យើងនឹងចាត់វិធានការបន្តទៅមុខផ្អែកលើលក្ខខណ្ឌអ្វីខ្លះ»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានសរសេរនៅលើ Twitter ថា៖ «ប្រទេសអ៊ីរ៉ង់ឥឡូវនេះបានធ្វើការវាយប្រហារមិនធ្លាប់មានពីមុនមកលើការផ្គត់ផ្គង់ថាមពលរបស់ពិភពលោក» ដោយច្រានចោលការអះអាងរបស់ពួកឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែន ដែលថាពួកគេជាអ្នកធ្វើការវាយប្រហារនេះដោយប្រើយន្តហោះដ្រូន។
អ៊ីរ៉ង់បញ្ជាក់ថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាខ្លួនស្ថិតនៅពីក្រោយនៃការវាយប្រហារនេះ គឺជា «ការកុហកទាំងស្រុង»។
លោក Trump ក៏បានប្រកាសផងដែរនៅថ្ងៃចន្ទនេះថា លោកអនុញ្ញាតឲ្យមានការបញ្ចេញប្រេងពីកន្លែងផ្ទុកប្រេងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ប្រសិនបើចាំបាច់ «ក្នុងចំនួនមួយដែលនឹងកំណត់នៅពេលខាងមុខ» ដែលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារប្រេង។
ការវាយប្រហារលើរោងចក្រ Abqaiq នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងលើតំបន់ប្រេង Khurais មុនពេលថ្ងៃរះកាលពីថ្ងៃសៅរ៍ បណ្ដាលឲ្យមានភ្លើងឆាបឆេះដ៏ខ្លាំងក្លា។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីតថា គ្មាននរណាម្នាក់បានស្លាប់ ឬក៏រងរបួសនៅក្នុងការវាយប្រហារនេះទេ៕