ទីប្រឹក្សា​លោក Trump ជំរុញ​ឲ្យ​លោក​បង្ហាញ​ទស្សនៈ​តឹងរ៉ឹង​ជាមួយ​ប្រទេស​ចិន

អ្នកស្រី Elaine Chao រដ្ឋលេខាធិការផ្នែកដឹក​ជញ្ជូន​របស់​លោក​ Trump ជួបជាមួយប្រធានាធិបតីតៃវ៉ាន់ Tsai Ingwen ក្នុងខែតុលា។

លោក Stephan Yates ជំនួយការ​មួយ​រូប​ទទួល​បន្ទុក​ផ្នែក​គោល​នយោបាយ​ការបរទេស​របស់​គណបក្ស​សាធារណរដ្ឋ​នៃ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ដំណើរ​ដល់​កោះ​តៃវ៉ាន់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​សប្ដាហ៍។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ជំនួយការ​រូប​នេះ​អាច​ជួប​ជាមួយ​នឹង​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing Wen បន្ទាប់ពី​លោកស្រី​បាន​អបអរ​សាទរ​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក Donald Trump ពេល​លោកស្រី​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក Trump កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

ការ​ដែល​លោក Trump បាន​ទូរស័ព្ទ​ទៅ​លោកស្រី Tsai លើក​នេះ គឺ​ជា​សញ្ញា​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ពី​ទស្សនៈ​ប្រើ​កម្លាំង​របស់​ទីប្រឹក្សា​របស់​លោក Trump ដែល​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​គួរតែ​បន្ត​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន​ដោយ​ផ្ដើម​ចេញ​ពី​គោល​ជំហរ​ប្រើ​កម្លាំង។

នៅ​ខែ​វិច្ឆិកា ឆ្នាំ ១៩៨៧ លោក Stephan Yates ដែល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​គ្រិស្ត បាន​ធ្វើ​ដំណើរ​ដល់​កោះ​តៃវ៉ាន់​ជា​លើក​ដំបូង​បំផុត។

លោក Stephan Yates ដែល​បច្ចុប្បន្ន​នេះ ជា​ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Idaho បាន​ប្រាប់ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «ប្រសិនបើ​ប្រទេស​ចិន​ចង់​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​តៃវ៉ាន់ ពួកគេ​ត្រូវតែ​គោរព​ការ​ធ្វើ​កំណែ​ទម្រង់​នយោបាយ និង​ប្រជាធិបតេយ្យូបនីយកម្ម​របស់​តៃវ៉ាន់‍»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​តៃវ៉ាន់​បាន​រាយការណ៍​ថា លោកស្រី Tsai Ing Wen គ្រោង​នឹង​ធ្វើ​ដំណើរ​ឆ្លង​កាត់​សហរដ្ឋ​អាមេរិក ក្នុង​ដំណើរ​របស់​លោកស្រី​ទៅ​កាន់​ប្រទេស Nicaragua នៅ​ដើម​ខែ​មករា​ខាង​មុខ​នេះ មុន​ពេល​លោក Trump ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី ២០ ខែ​មករា។ ការ​រាយ​ការណ៍​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោកស្រី Tsai អាច​មិន​បាន​ជួប​លោក Trump ដោយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​លោកស្រី​មាន​គម្រោង​ជួប​ជាមួយ​ជំនួយ​ការ​ផ្ទាល់​របស់​លោក៕