ក្រុមការងារ​រៀបចំ​ដំណើរការ​ផ្ទេរ​តំណែង​របស់​លោក​ ត្រាំ ​បែកបាក់​គ្នា​ជុំវិញ​ជម្រើស​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស

លោក Mitt Romney អតីត​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធាររដ្ឋ និង​លោក ​Rudolph Giuliani អតីត​អភិបាល​ក្រុង​ញូវយ៉ក។

ការបែក​បាក់​គ្នា​របស់​ក្រុមការងារ​រៀបចំ​ដំណើរការ​ផ្ទេរ​តំណែង​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​ ដូណាល់ ត្រាំ ​ជុំវិញ​បញ្ហា​ថា​តើ​នរណា​នឹង​ត្រូវ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ ត្រូវ​បាន​គេ​ដឹង​ឮ​ជា​សាធារណៈ​រហូត​ធ្វើ​ឲ្យ​តំណែង​សន្តិសុខ​ជាតិ​ត្រូវ​នៅ​ចំហ​ចោល​រហូត​ទាល់​តែ​ការ​មិន​ចុះ​សម្រុង​គ្នា​នោះ​ត្រូវ​ដោះ​ស្រាយ​រួច​រាល់។

ក្រុម​ជំទាស់​ទាំង​ពីរនៅ​ក្នុង​ក្រុមការងារ​រៀបចំ​ដំណើរការ​ផ្ទេរ​តំណែង​របស់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ត្រូវ​បាន​បែង​ចែក​ជា​២​ រវាង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ឆ្នាំ​២០១២​ លោក ​Mitt Romney​ និង​អតីត​អភិបាល​ក្រុង​ញូវយ៉ក​លោក​ Rudolph Giuliani។

នៅ​ក្នុង​សារ​មួយ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម ​Twitter កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទីប្រឹក្សា​របស់​លោក ត្រាំ​ លោកស្រី ​Kellyanne Conway ​បាន​បង្ហាញ​មនោសញ្ចេតនា​ប្រឆាំង​នឹង​លោក Romney។ លោកស្រី Conway ​បាន​មាន​ប្រសាសន៍​ថា ​លោក​ស្រី​បាន​ទទួល​នូវ​ការបង្ហាញ​ពី​ក្តី​បារម្ភ​ពី​មនុស្ស​ម្នា​ដែល​ចោទ​សួរ​ទៅ​លើ​ភាព​ស្មោះ​ត្រង់​របស់​លោក Romney ​ដែល​ជា​អតីត​អភិបាល​រដ្ឋ ​Massachusetts ​ដែល​បាន​ហៅ​លោក ត្រាំ​ ថា​ជា​មនុស្ស​ក្លែងក្លាយ​ក្នុង​អំឡុង​ពេល​នៃ​ការធ្វើ​យុទ្ធនាការ​បោះឆ្នោត​។

អ្នក​ដែល​ប្រឆាំង​មិន​ចង់​ឲ្យ​លោក Giuliani ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លើកឡើង​ពី​ទំនាក់ទំនង​ផ្នែក​ជំនួញ​ដ៏​ច្រើន​របស់​លោក​ជាមួយ​នឹង​បរទេស​ ដែល​ទំនង​ជា​នឹង​ធ្វើ​ឲ្យ​មាន​ការតវ៉ា​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ព្រឹទ្ធសភា។ ពួកគេ​ក៏​បាន​ចោទជា​សំណួរ​អំពី​ថា​តើ លោក Giuliani ក្នុង​វ័យ​៧២​ឆ្នាំ ​មាន​កម្លាំង​កំហែង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ដំណើរ​វែងឆ្ងាយ​តាម​តែ​មុខ​តំណែង​នេះ​តម្រូវ​បាន​ដែរ​ឬ​យ៉ាង​ណា៕