លោក ត្រាំ ហាមឃាត់​មិន​ឲ្យ​អ្នក​ប្ដូរ​ភេទ​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​អាមេរិក​

រូបភាព​ឯកសា៖ ទាហាន​អាមេរិក​ឈរ​ជាជួ​រអំឡុង​ពិធីយោធា​មួយ​នៅ​បន្ទាយ​ទាហាន Storck ក្នុងទីក្រុង​​Illesheim ប្រទេស​អាល្លឺម៉ង់។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ថ្លែង​ថា​យោធា​អាមេរិក​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ប្ដូរ​ភេទ​ចូល​បម្រើ​កងទ័ព​ទៀត​ទេ ដែល​នេះ​ផ្ទុយ​ពី​គោលនយោបាយ​របស់​អតីត​ប្រធានាធិបតី លោក Barack Obama ដែល​បាន​ប្រកាស​កាល​ពី​មួយ​ឆ្នាំ​មុន។
នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​មួយ​ចំនួន​លើ​បណ្តាញ​សង្គម Twitter លោក ត្រាំ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា បន្ទាប់​ពី​ពិភាក្សា​ជាមួយ​នឹង​ឧត្តមសេនីយ៍​និង​អ្នក​ជំនាញ​ខាង​យោធា​របស់​លោក​រួច​មក លោក​នឹង​ឈប់​ទទួល​យក​អ្នក​ប្ដូរ​ភេទ​ឲ្យ​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​ទៀត​ហើយ។

លោក ត្រាំ បាន​សរសេរ​ថា៖ ​«យោធា​របស់​យើង​ត្រូវ​តែ​ផ្តោត​ទៅ​លើ​ជ័យជម្នះ​ដោយ​មិន​រារែក​និង​ជា​ជ័យជម្នះ​ខ្លាំង​ក្លា ហើយ​មិន​អាច​មាន​បន្ទុក​សុខភាព​ច្រើន​លើសលប់​និង​ការ​បង្អាក់​ដល់​ជ័យជម្នះ​នានា​ដែល​អ្នក​ប្តូរ​ភេទ​នៅ​ក្នុង​ជួរ​យោធា​នឹង​អាច​ប្រឈម»​នោះ​ទេ។ ​

អង្គការ​ស្រាវជ្រាវ Rand Corporation បាន​ប៉ាន់ស្មាន​ថា​មាន​អ្នក​ប្តូរ​ភេទ​ចំនួន​៤​ពាន់​នាក់​ដែល​បម្រើ​ក្នុង​ជួរ​យោធា​នៅ​អាមេរិក ប៉ុន្តែ​លោក ត្រាំ មិន​បាន​និយាយ​ថា នឹង​មាន​អ្វី​កើតឡើង​ចំពោះ​ពួកគេ​នោះ​ទេ។ ​
ក្រុមមន្ត្រី​ការពារ​ប្រទេស​និយាយ​ថា មន្ត្រី​របស់​ខ្លួន​ប្រហែល​២៥០​នាក់​ទៀត​កំពុង​តែ​ឈាន​ទៅ​ប្ដូរ​យេនឌ័រ​ដែល​ពួកគេ​ចង់​បាន។

លោកស្រី Sarah Huckabee Sanders អ្នក​នាំ​ពាក្យ​របស់​សេតវិមាន​បាន​និយាយ​ថា លោក ត្រាំ នឹង ​«ត្រូវ​ធ្វើការ»​ ជាមួយ​នឹង​ក្រសួង​ការពារ​ប្រទេស​ដើម្បី​ «កំណត់​ទៅ​តាម​ច្បាប់» នូវ​ជោគវាសនា​របស់​មន្ត្រី​យោធា​ដែល​ប្ដូរ​ភេទ​រួច​ទៅ​ហើយ​នោះ​។ ការ​សម្រេចចិត្ត​របស់​លោក ត្រាំ ទៅ​លើ​មន្ត្រី​ដែល​ប្ដូរ​ភេទ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​កាល​កំណត់​សម្រាប់​យោធា​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ទៅ​លើ​បទបញ្ញត្តិ​វេជ្ជសាស្ត្រ​របស់​ខ្លួន៕