លោក​ Trump នឹង​ពិភាក្សា​បែប​វេទិកា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ជួន​គ្នា​នឹង​គូ​​​ប្រជែង​​លោក Biden

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump គ្រវែង​ម៉ាស់​ទៅ​លើ​ហ្វូង​អ្នក​គាំទ្រ​ ខណៈ​ដែល​លោក​មក​ដល់​កន្លែង​ជួបជុំ​អ្នក​គាំទ្រ​នៅ​ក្រុង Johnstown រដ្ឋ Pennsylvania ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។

កាសែត​ New York Times របស់​អាមេរិក​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ថា​ ថ្វី​បើ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump មិន​បាន​ជួបពិភាក្សា​ដេញដោល​គ្នា​ដោយ​ទល់​មុខ ​ជាមួយ​គូប្រជែង​របស់​លោក​ គឺ​លោក Joe Biden នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ដូចដែល​បាន​ត្រៀមទុក​ពី​ដំបូង​មក​នោះ​ក៏​ដោយ​ ក៏​បេក្ខជន​ទាំង​ពីរ​នៅ​តែ​ធ្វើ​ការតទល់​គ្នាឆ្លើយ​សំណួរ​ដូច​ទល់​មុខ​គ្នា​ដែរ ក្នុង​ព្រឹត្តិការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា​ក្នុងយប់​តែ​មួយ។

សារព័ត៌មាន​នេះ​ផ្សាយ​ឲ្យ​ដឹង​ថា ទូរទស្សន៍ NBC ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​ថា​ ខ្លួននឹង​ផ្សព្វផ្សាយព្រឹត្តិការណ៍​ជួប​ប្រជុំ​របស់​លោក Trump ជា​លក្ខណៈ​វេទិកា​សាធារណៈ ឬ​ហៅ​ថា​ town hall​ ក្នុង​ម៉ោង​ផ្សាយ​សំខាន់​របស់​ខ្លួន​ នៅ​ថ្ងៃ​ព្រហស្បតិ៍ វេលា​ម៉ោង​៨​យប់​ ម៉ោងក្នុង​សហរដ្ឋ​អាមេរិក​ ពីទី​ក្រុង​ ​Miami រដ្ឋ Florida ដែល​ត្រូវ​នឹង​ម៉ោង​៧​ព្រឹក​ថ្ងៃ​សុក្រម៉ោង​ក្នុង​ប្រទេស​កម្ពុជា។ លោក​ Trump ​នឹង​ទទួល​ឆ្លើយ​សំណួរពី​អ្នក​បោះ​ឆ្នោត​ក្នុង​រដ្ឋ Florida​ នៅ​ក្នុង​ពិធី​នោះ។​

កិច្ច​ប្រជុំរបស់​លោក​ Trump នេះ​ បាន​ធ្វើ​ឡើង​ចំ​ពេល​តែ​មួយផង​ដែរ​ ជា​មួយ​គូប្រជែង​របស់​លោក គឺ​លោក Joe Biden ដែលបាន​គ្រោង​ទុក​រួច​ហើយជាមួយ​ទូរទស្សន៍ ABC​ ដែល​ថា​នឹង​ផ្សាយ​ផ្ទាល់​នូវ​កម្មវិធី​ប្រហាក់​ប្រហែល​គ្នា​នេះ​ ចេញ​ពី​ទី​ក្រុង Philadelphia​ ​រដ្ឋ Pennsylvania ដែល​ចាប់ផ្តើម​ក្នុង​ពេល​ដំណាល​គ្នា​នោះ។

ការជួប​ប្រជុំ​របស់​លោក Biden ក្នុង​លក្ខណៈ​ជា​វេទិកា​សាធារណៈ town hall នេះ ត្រូវ​បាន​កក់​ទុក​តាំង​ពី​សប្តាហ៍​មុន​ម្ល៉េះ ក្រោយ​ពីលោក​ត្រាំ​ ដែល​ពេល​ថ្មីៗ​នេះ​បាន​ឆ្លង​ជំងឺកូវីដ​១៩​ ​បដិសេធមិន​ចូល​រួម​ការ​ពិភាក្សា​ដេញ​ដោលជាលើក​ទី​២​តាម​ប្រព័ន្ធ​អនឡាញ​នោះ ដែលនេះ​បាន​ធ្វើ​ឲ្យ​ការ​ជួបជាលើក​ទី​២​នោះ ត្រូវ​បានគេ​លុប​ចោល។

ទាំង​លោក Biden និង​លោក Trump ក្នុង​សប្តាហ៍​នេះ​កំពុងធ្វើ​ការ​ឃោសនា​នៅ​តាម​បណ្តា​រដ្ឋ​ដែល​អាច​មាន​និន្នាការ​នយោបាយអាច​ប្រែប្រួល​ដូច​ជា​រដ្ឋ Florida និង Pennsylvania៕