ក្ដីរំពឹងអំពីគម្រោងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក្នុងការកាត់ពន្ធលើក្រុមហ៊ុនអាជីវកម្មធំៗ និងការកាត់ពន្ធលើប្រជាពលរដ្ឋម្នាក់ៗ បានជំរុញឲ្យទីផ្សារហិរញ្ញវត្ថុ Wall Street មានអត្រាកើនឡើងកាលពីថ្ងៃអង្គារម្សិលមិញ និងបានធ្វើឲ្យទីផ្សារអាស៊ីកើនឡើងផងដែរកាលពីយប់ថ្ងៃអង្គារម្សិលមិញ។
លោក Trump មានគោលបំណងអំពាវនាវឲ្យមានការកាត់ពន្ធខ្លាំងក្លាលើអត្រាពន្ធរបស់ក្រុមហ៊ុនអាជីវកម្មធំៗ ដែលជាចំនួនពន្ធខ្ពស់ជាងគេបំផុត ក្នុងចំណោមបណ្ដាប្រទេសឧស្សាហកម្មនានានៅក្នុងពិភពលោក។
លោក Trump គ្រោងនឹងបង្ហាញពីគម្រោងពន្ធរបស់លោក នៅថ្ងៃពុធនេះ ដោយជំនួយការរបស់លោកបាននិយាយថា លោក Trump នឹងសួរសភាឲ្យបញ្ចុះអត្រាពន្ធបច្ចុប្បន្ន ដែលមានចំនួន ៣៥ ភាគរយ មកនៅត្រឹម ១៥ ភាគរយ ដែលនេះជាការសន្យា ដែលលោកបានធ្វើឡើងនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន។
អ្នកនាំពាក្យសេតវិមាន លោក Sean Spicer បាននិយាយថា សហរដ្ឋអាមេរិក មិនមានការប្រជែងជាមួយនឹងប្រទេសផ្សេងៗទៀត នៅក្នុងការទាក់ទាញអាជីវកម្មថ្មីៗនោះទេ ដែលមួយផ្នែកធំ គឺបណ្ដាលមកពីអត្រាពន្ធរបស់សហរដ្ឋអាមេរិក។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ សមាជិកសភាសហរដ្ឋអាមេរិក បានសន្យាថា នឹងធ្វើការកែទម្រង់ពន្ធដារទ្រង់ទ្រាយធំ ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនបានទទួលជោគជ័យនោះទេ៕