បន្ទាប់ពីបានចំណាយពេលឈប់សម្រាកទិវាថ្លែងអំណរគុណដែលហៅថា Thanksgiving នៅឯរមណីយដ្ឋានរបស់លោកក្នុងទីក្រុង Palm Beach រដ្ឋ Florida ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានត្រឡប់មកកាន់រដ្ឋធានីវ៉ាស៊ីនតោនវិញ នៅមុនពេលដែលគណបក្សសាធារណរដ្ឋជំរុញឲ្យអនុម័តកំណែទម្រង់ច្បាប់ពន្ធដារមុនការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងនៅ ក្នុងសប្ដាហ៍នេះ។
លោក Trump គ្រោងនឹងចូលរួមនៅក្នុងកម្មវិធីពិសាអាហារថ្ងៃត្រង់ប្រចាំសប្ដាហ៍របស់សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋនៅថ្ងៃអង្គារស្អែក ដើម្បីពិភាក្សាអំពីចំណុចសំខាន់ៗនៃគោលនយោបាយក្នុងរដូវស្លឹកឈើជ្រុះនេះរបស់គណបក្សសាធារណរដ្ឋ។
នេះជាលើកទីពីរហើយនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដែលលោក Trump បានធ្វើដំណើរទៅកាន់សភាដើម្បីបញ្ចុះបញ្ចូលសមាជិកខាងគណបក្សសាធារណរដ្ឋរបស់លោកនៅព្រឹទ្ធសភាឲ្យគាំទ្រច្បាប់កំណែទម្រង់ពន្ធដារ។
កាលពីដើមខែនេះ រដ្ឋសភាបានអនុម័តច្បាប់កំណែទម្រង់ពន្ធដារនេះជាលើកដំបូងបង្អស់នៅក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។ ពួកគេស្នើឲ្យមានការកាត់បន្ថយការយកពន្ធគ្រប់ទម្រង់នៃប្រាក់ចំណូលទាំងអស់សម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខ ក៏ដូចជាកាត់បន្ថយពន្ធសាជីវកម្មជាអចិន្ត្រៃយ៍ និងបន្ថែមថវិកាចំនួន ១ លាន ៥ សែនលានដុល្លារអាមេរិក សម្រាប់បំណុលជាតិរបស់សហរដ្ឋអាមេរិកនៅក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។
សូម្បីតែប្រសិនបើសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋអនុម័តច្បាប់ពន្ធដាររបស់ពួកគេក៏ដោយ ក៏ច្បាប់នេះត្រូវតែស៊ីគ្នាជាមួយនឹងទម្រង់ច្បាប់ពន្ធដាររបស់រដ្ឋសភា និងត្រូវធ្វើការបោះឆ្នោតអនុម័តនៅក្នុងសភាទាំងពីរថ្នាក់ឡើងវិញ ដែលនេះជាសំណើពិបាកសម្រេចបានមួយ ដោយសារសល់ពេលតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះមុនពេលដែលសភាឈប់សម្រាកថ្ងៃបុណ្យ Christmas៕