លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំបានធ្វើការសន្ទនាតាមទូស័ព្ទជា មួយពួកមេដឹកនាំពិភពលោកនៅថ្ងៃសៅរ៍នេះដោយចាប់ផ្តើមជាមួយលោកនាយករដ្ឋមន្រ្តី Shinzo Abe នៃប្រទេសជប៉ុន ដែលជាមេដឹកនាំបរទេសលើកទី១ដែលបានជួបលោកប្រធានាធិបតីត្រាំបន្ទាប់ពីលោកជាប់ឆ្នោតជាប្រធាធិបតី។ ការសន្ទនាតាមទូរស័ព្ទរបស់អស់លោកបានកើតមានឡើងទើបតែប៉ុន្មានថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីត្រាំបានដកខ្លួនចេញពីកិច្ចព្រមព្រៀងដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកដែល រួមមានសហរដ្ឋអាមេរិក ប្រទេសជប៉ុននិងប្រទេស១០ទៀតនៅតាមបណ្តោយឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក និងមានសេដ្ឋកិច្ច៤០ភាគរយរបស់ពិភពលោក។ លោកនាយករដ្ឋមន្រ្តីជប៉ុនអាបេជាអ្នកគាំទ្រដ៏ខ្លាំងមួយដល់កិច្ចព្រមព្រៀងដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក TPP នៅពេលលោកអូបាម៉ាប្រធានាធិបតីកាន់ដំណែង មុន លោកត្រាំ។
បន្ទាប់ពីការសន្ទនាជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោកប្រធានាធិបតីត្រាំមានគម្រោងសន្ទនាជាមួយលោកស្រី Angela Merkelអធិការបរតីនៃប្រទេសអាល្លឺម៉ង់។ កាលពីឆ្នាំទៅ លោកស្រី Merkel បានសុំឲ្យពលរដ្ឋរបស់លោកស្រីបង្ហាញនូវភាពមេត្តាធម៌ដល់ពលរដ្ឋស៊ីរីដោយការអនុញ្ញាតឲ្យពួកគេចូលក្នុងប្រទេសអាល្លឺម៉ង់។ ការណ៍នេះបានជួបនូវលទ្ធផលចម្រុះ។ កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីត្រាំបានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីរារាំងមិនឲ្យជនភៀសខ្លួនស៊ីរីចូលក្នុងសហរដ្ឋអាមេរិកដោយគ្មានពេលកំណត់។
ប្រធានាធិបតី Vladimir Putin នៃប្រទេសរុស្ស៊ីជាមេដឹកនាំពិភពលោកទី៣នៅលើបញ្ជីនៃការនិយាយតាមទូរស័ព្ទរបស់លោកប្រធានាធិបតីត្រាំ។ វានឹងក្លាយជាការសន្ទនាលើកដំបូងរបស់ពួកអស់លោកចាប់តាំងពីលោកត្រាំបានស្បថចូលកាន់ដំណែងជាប្រធានាធិបតីមក។ ទោះជាយ៉ាងណាក៏ដោយ ពួកអស់លោកបានសន្ទនាគ្នាបន្ទាប់ពីជ័យជម្នះដ៏ភ្ញាក់ផ្អើលរបស់លោកត្រាំនៅក្នុងការបោះឆ្នោតប្រធានាធិបតី។ មេដឹកនាំទាំង២បាននិយាយថា ពួកអស់លោកចង់ធ្វើឲ្យមានទំនាក់ទំនងជាប្រក្រតីឡើងវិញរវាងប្រទេសទាំង២៕