លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ដែលបានច្រានចោលគំនិតរបស់ក្រុមស៊ើបការសម្ងាត់អាមេរិកដែលថា រុស្ស៊ីបានលួចចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រនៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីពេលថ្មីៗនេះ នឹងទទួលការពន្យល់ណែនាំលម្អិតពីមេដឹកនាំក្រុមស៊ើបការសម្ងាត់អាមេរិកនៅថ្ងៃសុក្រនេះ។
នៅក្នុងដំណើរវិវត្តន៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ប្រធានាធិបតីជាប់ឆ្នោតរូបនេះ លោក Trump ដែលជាអ្នករិះគន់ខ្លាំងៗទៅលើក្រុមស៊ើបការសម្ងាត់អាមេរិក បាននិយាយបន្ទន់សម្តីរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសារមួយដែលបានបង្ហោះលើបណ្តាញសង្គម Tweeter ថា លោកគឺជា «អ្នកគាំទ្រខ្លាំងក្លាម្នាក់» ទៅលើក្រុមស៊ើបការសម្ងាត់អាមេរិក។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមស៊ើបការសម្ងាត់កំពូលរបស់អាមេរិកបានធ្វើសក្ខីកម្មថា ភស្តុតាងដែលថា រុស្ស៊ីបានជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែវិច្ឆិកាគឺពិតប្រាកដ ប៉ុន្តែគ្មានមធ្យោបាយដែលអាចដឹងបានទេ ថាតើរុស្ស៊ីបានជួយឲ្យលោក Trump ឈ្នះឬយ៉ាងណា។
លោក James Clapper ប្រធានក្រុមស៊ើបការសម្ងាត់ជាតិអាមេរិកបានថ្លែងប្រាប់គណៈកម្មការត្រួតពិនិត្យយោធាអាមេរិកថា «រុស្ស៊ីមានប្រវត្តិជាយូរណាស់មកហើយក្នុងការជ្រៀតជ្រែកនៅក្នុងដំណើរការបោះឆ្នោត ប្រជាពលរដ្ឋរបស់ខ្លួន និងប្រជាពលរដ្ឋរបស់ប្រទេសដទៃ។ ប៉ុន្តែយើងមិនដែលប្រឈមនឹងយុទ្ធនាការដោយផ្ទាល់ក្នុងការជ្រៀតជ្រែកជាមួយនឹងដំណើរការបោះឆ្នោតដែលយើងឃើញក្នុងករណីនេះនោះទេ»។
លោក Clapper បាននិយាយថា លោកមិនដឹងឲ្យប្រាកដនោះទេ ថាតើការបែកធ្លាយព័ត៌មានសម្ងាត់ទៅដល់រុស្ស៊ី ជះឥទ្ធិពលទៅលើជម្រើសរបស់អ្នកបោះឆ្នោតកាលពីថ្ងៃទី៨ខែវិច្ឆិកាឬយ៉ាងណា។ ប៉ុន្តែលោកបាននិយាយថា រុស្ស៊ីមិនបានជ្រៀតជ្រែកនៅក្នុងដំណើរការរាប់សន្លឹកឆ្នោតឬលទ្ធផលចុងបញ្ចប់នោះទេ៕