លោក Trump នឹង​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​អាកាសធាតុ

លោក​ប្រធានាធិបតី Donald Trump ថ្លែង​នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧។

ប្រធានាធិបតី Donald Trump បាន​និយាយ​ថា​ លោក​នឹង​ប្រកាស​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​អំពី​សេចក្តី​សម្រេច​របស់​លោក​អំពី​ថា​តើ​នឹង​ដក​ស.រ.អា.​ចេញ​ពី​កិច្ចព្រមព្រៀង​នៅ​ក្រុង​ប៉ារីស កាលពី​ឆ្នាំ២០១៥​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​ឬ​បែប​ណា។​

នៅ​ក្នុង​ Twitter របស់​លោក​កាលពី​យប់ថ្ងៃ​ពុធ​ Trump បាន​និយាយថា​លោកនឹង ធ្វើ​សេចក្តី​ប្រកាស​នេះ​នៅ​ក្នុង​សួន​ផ្កាកុលាប​នៅ​ម៉ោង​៣រសៀល​ថ្ងៃ​ព្រហស្បតិ៍។​

លោក​បាន​បញ្ចប់​ការ​បង្ហោះ​សារ​នេះ​ជា​មួយ​ពាក្យ​ស្លោក​នៃ​ការ​ឃោសនា​បោះឆ្នោត​របស់​លោក​ថា «ធ្វើ​ប្រទេស​អាមេរិក​ឱ្យ​អស្ចារ្យ​ម្តង​ទៀត»។

កាលពី​ពេល​មុន​នេះ​ នៅ​ក្នុង​ការ​ថត​រូបមួយ​ជា​មួយ​នាយក​រដ្ឋមន្ត្រី​ប្រទេស​វៀតណាម Nguyen Xuan Phuc ដែល​បំពេញ​ទស្សនកិច្ច​ក្នុង​ស.រ.អា. លោក​ Trump បាន​និយាយ​ថា​លោក​បាន​ស្តាប់​ការ​យល់​ឃើញ​របស់ «មនុស្ស​ច្រើន​នាក់​នៅ​ទាំង​សងខាង​នៃ​បញ្ហា​នេះ» នៅ​ពេល​លោក​ពិចារណា​អំពី​ជម្រើស​របស់​លោក។​

អ្នក​នាំ​ពាក្យ​សេតវិមាន​ Sean Spicer បាន​និយាយ​ថា ​ជន​ដែល​បាន​ត្រូវ​ពិគ្រោះ​យោបល់​មាន​រួម​បញ្ចូល​ពួក​មេដឹកនាំ​ជំនួញ​អាមេរិកាំង​ និង​ពួក​ប្រមុខ​រដ្ឋ​បរទេស​ផង​ដែរ។

ទីភ្នាក់ងារ​ព័ត៌មាន​ជាច្រើន​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ប្រធានាធិបតី​ Trump សម្រេច​ដក​ប្រទេស​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​សាកល​នេះ​ដែល​មាន​ប្រទេស​១៩៥គាំទ្រ។ ​ចំណាត់ការ​មួយ​បែប​នេះ​ជា​ការ​ប្រែក្រឡះ​ធំ​មួយ​នៃ​គោលនយោបាយ​នៅ​ពេល​លោក​ប្រធានាធិបតី​អូបាម៉ា​កាន់​តំណែង​ ដោយ​បំពេញ​ចិត្ត​មូលដ្ឋាន​គណបក្ស​សាធារណរដ្ឋ​របស់ Trump ក៏​ប៉ុន្តែ​បាន​ធ្វើឱ្យ​ពួក​អ្នក​ថែរក្សា​បរិស្ថាន និង​ពួក​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ខឹង​សម្បា។​

ដំណឹង​ស្តី​ពី​ការ​រង់ចាំ​សេចក្តី​សម្រេច​នេះ​របស់​ Trump បាន​ធ្វើ​ឱ្យ​សហគមន៍​បរិស្ថាន​សើច​ចំអក​ហើយ​ពួក​អភិបាល​ក្រុងធំៗ​នៃស.រ.អា.​បានប្តេជ្ញា​ថា​នឹង​នៅ​តែ​ស្មោះស្ម័គ្រ​ជាមួយ​កិច្ចព្រមព្រៀង​នេះ​ត​ទៅ​ទៀត​ ទោះណា​ជា​ Trump សម្រេច​ចិត្ត​បែប​ណា​ក៏​ដោយ។

លោក Eric Garcetti អភិបាល​ក្រុង Los Angeles បាន​សរសេរ​ក្នុង​ Twitter ថា​«ប្រសិន​បើ​សេតវិមាន​ដក​ខ្លួន​ថយ​ចេញ​ពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ស្តី​ពី​អាកាសធាតុ​ យើង​នឹង​អនុម័ត​កិច្ចព្រមព្រៀង​នេះ​នៅ​ Los Angeles»។

លោក Bill de Blasio អភិបាល​បុរី​ New York បាន​សរសេរ​ថា​ «យើង​នឹង​ចាត់ការ​អំពី​បញ្ហា​នេះ​ដោយ​ខ្លួន​យើង ខ្ញុំ​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​នីតិ​ប្រតិបត្តិ​មួយ​ដើម្បី​ថែរក្សា​ការ​ប្តេជ្ញា​របស់​បុរី New York ដល់​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស»៕