លោក​ប្រធានា​ធិបតី​ ​ត្រាំ ​គំរាម​កំហែង​កម្ទេច​កូរ៉េ​ខាង​ជើង​ឲ្យ​ខ្ទេច​ក្នុង​សុន្ទរកថា​លើក​ទី​មួយ​របស់លោក​នៅ​អ.ស.ប

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​ក្នុង​មហាសន្និបាត​លើ​ទី៧២​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​នេះ ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១៩ ខែកញ្ញា​ ឆ្នាំ២០១៧។

ដោយ​ពណ៌នា​មេដឹកនាំ​កូរ៉េខាង​ជើង​គីម ​ជុង​អ៊ុន​ថា​ជា «បុរស​ចូល​ចិត្ត​កាំជ្រួច​រ៉ុក្កែត»ដែល​កំពុង​ធ្វើ​បេសកកម្មអត្តឃាត ​លោក​ប្រធានា​ធិបតីត្រាំ​បាន​ប្រើ​ប្រាស់​សន្ទរកថា​លើកទីមួយ​របស់​លោក​ទៅកាន់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ដើម្បី​ព្រមាន​របប​ក្រុង​ព្យុងយ៉ាង​ថា មាគ៌ា​នៅ​ពេល​បច្ចុប្បន្ន​របស់​កូរ៉េ​ខាង​ជើងអាច​ឆ្ពោះ​ទៅ​កាន់​ការ​បំផ្លាញ​ទាំង​ស្រុង។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ ​បាន​ប្រាប់​គណៈ​ប្រតិភូ​នៅ​សាល​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ថា «ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​មីស៊ីល​មិន​គិត​មុខ​ក្រោយ​របស់​កូរ៉េខាង​ជើង​បាន​គំរាម​កំហែង​ពិភព លោក​ទាំង​មូល​ដោយ​ការ​ធ្វើ​ឲ្យ​បាត់​បង់​ជី​វិតមនុស្សដោយ​ចំនួន​ច្រើន​នឹក​មិន​ស្មាន​មិន​ដល់»។

លោក​ប្រធានាធិបតី​ត្រាំ​បាន​មាន​ប្រសាសន៍​ទៀត​ថា «គ្មាន​ប្រទេស​ណា​នៅ​លើ​ផែនដី​ចង់​ឃើញ​ពួក​ឧក្រិដ្ឋ​ជន​មាន​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួចមីស៊ីលនោះ​ទេ។​សហរដ្ឋ​អាមេរិក​មាន​កម្លាំង​និង​ការ​អត់​ធ្មត់​យ៉ាង​ខ្លាំង ក៏ប៉ុន្តែ ​ប្រសិន​បើ សហរដ្ឋ​អាមេរិក​ត្រូវ​គេ​បង្ខំ​ឲ្យ​ការ​ពារ​ខ្លួន ឬ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន យើង​នឹង​មិន​មាន​ជម្រើស​ទេ ​ក៏​ប៉ុន្តែ ​យើង​ត្រូវ​កម្ទេច​កូរ៉េ​ខាង​ជើង​ទាំង​ស្រុង‍»។

​លោក​ប្រធានា​ធិបតី​ត្រាំ​និយាយ​ទៀត​ថា «បុរស​ចូល​ចិត្តកាំជ្រួច​រ៉ុក្កែត​កំពុង​ធ្វើ​បេសកកម្ម​អត្តឃាត​សម្រាប់​ខ្លួន​ឯង ​និង​សម្រាប់​របប​របស់​ខ្លួន​ឯង‍»។

ឯកអគ្គរដ្ឋ​ទូតកូរ៉េខាង​ជើង​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​ដើរ​ចេញ​ពី​សាល​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​មុន​ពេល​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​អញ្ជើញ​មក​ដល់ ​ហើយ​កៅអី​របស់​ឯកអគ្គរដ្ឋ​ទូតកូរ៉េខាង​ជើង​នៅ​ទំនេរនៅពេល​ដែល​ប្រធានា​ធិបតី​ត្រាំ​ធ្វើ​សុន្ទរកថា​ចំនួន៤២​នាទី​របស់​លោក។

​លោក​ប្រធានា​ធិបតី​ត្រាំ​ក៏​បាន​ធ្វើ​អត្ថាធិប្បាយ​ខ្លាំង​ៗដូច​គ្នា​ទៅលើ​ប្រទេស​អ៊ីរ៉ង់ ​ដោយ​ពណ៌នា​រដ្ឋាភិបាល​អ៊ីរ៉ង់​ថាជា​រដ្ឋាភិបាល​ផ្តាច់​ការ​ពុករលួយ​ដែល​ស្ថិត​នៅ​ក្រោយ​លទ្ធិ​ប្រជាធិបតេយ្យ​ក្លែងក្លាយ៕