ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃចន្ទបានគំរាមប្តូរទីតាំងសន្និបាតគណបក្សសាធាណរដ្ឋក្នុងខែសីហាដើម្បីតែងតាំងលោកជាផ្លូវការជាបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា ពីទីក្រុង Charlotte រដ្ឋ North Carolina ទៅកន្លែងផ្សេងទៀតប្រសិនបើអភិបាលរដ្ឋពីគណបក្សប្រជាធិបតេយ្យនៃរដ្ឋនេះមិនអាចធានាឲ្យបានឆាប់ថាគណបក្សសាធារណរដ្ឋអាចប្រើប្រាស់ទាំងស្រុងនូវកីឡដ្ឋានបាល់បោះមួយកន្លែងក្នុងក្រុងនេះក្នុងខែសីហានោះទេ។
លោកត្រាំថាអភិបាលរដ្ឋ North Carolina លោក Roy Cooper កំពុងស្ថិតនៅក្នុងអារម្មណ៍បិទសកម្មភាពក្នុងរដ្ឋនៅឡើយនិងអាចធានាពីការប្រើប្រាស់នៅខែសីហានេះបាន។ លោកប្រធានាធិបតីថា គណបក្សសាធារណរដ្ឋបានចំណាយថវិការាប់លានដុល្លារដើម្បីស្ថាបនាកីឡដ្ឋានទំនើបនោះ ដោយមិនដឹងថាអាចប្រើប្រាស់វាបានឬទេ ហើយថាបើមិនបានលោកនឹងរកទីតាំងថ្មីដើម្បីចំណាយថវិកាដែលអាចជួយសេដ្ឋកិច្ចមូលដ្ឋាននេះវិញ។
ដូចអភិបាលរដ្ឋទាំង៤៩ផ្សេងទៀតរបស់សហរដ្ឋអាមេរិកដែរ អភិបាលរដ្ឋ North Carolina លោក Roy Cooper បានចាប់បន្ធូរបន្ថយឲ្យមានការបើកសកម្មភាពសេដ្ឋកិច្ចខ្លះក្នុងរដ្ឋ ប៉ុន្តែនៅមានវិធានការរឹតត្បិតជាច្រើនទៀតក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ ភោជនីយដ្ឋានបានបើកឡើងវិញសម្រាប់ថ្ងៃទិវារំឭកវិញ្ញាណក្ខន្ធយុទ្ធជនក្នុងថ្ងៃចន្ទ ហើយសាលារៀនបើកវិញសម្រាប់សិស្ស៥០%។
ទីក្រុង Charlotte ជាទីក្រុងធំជាងគេក្នុងរដ្ឋ North Carolina ហើយមានករណីឆ្លងវីរុសកូរ៉ូណាច្រើនជាងតំបន់ផ្សេងទៀតទាំងអស់នៅក្នុងរដ្ឋនេះ៕