លោក​ Trump ថ្លែង​ឲ្យ​​អង្គការ​សហប្រជាជាតិ​​​​​ធ្វើ​ឲ្យ​​ចិន​ទទួល​ខុស​ត្រូវ​ចំពោះ​​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩

  • Steve Herman

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដែលធ្វើឡើងតាមអនឡាញ ដោយសារវិបត្តិជំងឺកូវីដ១៩ នៅទីក្រុងញូវយ៉ក រដ្ឋញូវយ៉ក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump)​ បាន​ថ្លែង​នៅ​ក្នុងឯ​សន្និបាត​អង្គការ​សហប្រជាជាតិលើក​ទី ​៧៥ ​កាល​ពីថ្ងៃ​អង្គារ​ ដោយ​មាន​សារ​ខ្លាំងៗ​ប្រឆាំង​នឹង​ប្រទេស​ចិន។​

នៅ​ក្នុង​សារ​ថត​ទុក​ជា​មុន​ពី​សេតវិមាន លោក Trump បាន​ចោទ​រដ្ឋាភិបាល​ចិន​ចំពោះ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ដែល​នៅ​ពេល​នេះ​បាន​ឆ្លង​ដល់​មនុស្ស​ជាង ​៣១​ លាន​នាក់ និង​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​ ៩៦៥.០០០​ នាក់ ​នៅ​ជុំវិញ​ពិភពលោក។

លោក ​ត្រាំ ​បាន​ថ្លែង​ថា៖​ «នៅ​ដំណាក់​កាល​ដំបូង​បំផុត​ប្រទេស​ចិន​បាន​បិទ​ការ​ធ្វើ​ដំណើរ​ក្នុង​ស្រុក ប៉ុន្តែ​អនុញ្ញាត​ឲ្យមាន​ជើង​យន្តហោះ​ចេញ​ទៅ​ក្រៅ​ប្រទេស ​និង​ចម្លង​វីរុស​ដល់​ពិភពលោក»។

ប្រធានាធិបតី​អាមេរិក​រូប​នេះ​បន្ថែម​ថា ​រដ្ឋាភិបាល​ចិន​និង​អង្គការ​សុខភាព​ពិភពលោក ​WHO ដែល​លោក ​ត្រាំ បាន​ចោទ​ថា ត្រូវ​គ្រប់គ្រង​ទាំង​ស្រុង​ដោយ​ចិន​នោះ បាន​ប្រកាសនៅ​ពេល​នោះ​ដោយ​ខុស​ថា ​មិន​មាន​ភស្តុតាង​ថា ​មាន​ការ​ចម្លង​វីរុស​ថ្មី​នេះ​ពីមនុស្ស​ទៅ​មនុស្ស​ទេ។

លោក ​ត្រាំ​ ដែលបាន​កាត់​ថវិកា​អាមេរិក​សម្រាប់អង្គការ WHO នោះ​បានទម្លាក់​កំហុស​ទៅ​លើ​អង្គការ​មួយ​នេះ ​និង​ប្រទេស​ចិន​ ថា​មិន​បាន​ធ្វើ​ការងារ​គ្រប់​គ្រាន់ ដើម្បី​បញ្ឈប់​ការផ្ទុះ​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ក្នុង​ដំណាក់​កាល​ដំបូងៗ។

នៅ​ក្នុង​សារតាម​វីដេអូថត​ទុក​ជា​មុន​ដែរ​នោះ ប្រធានាធិបតី​ចិន​លោក Xi Jinping ថ្លែង​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ថា រាល់​កិច្ច​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​បញ្ហា​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ក្លាយ​ជា​រឿង​នយោបាយ ​គួរត្រូវ​គេបដិសេធ​ចោល។

លោក​ Xi បន្ថែម​ថា អង្គការ​សុខភាព​ពិភពលោក​គួរ​ត្រូវ​បាន​គេ​ផ្តល់​តួនាទី​ដឹកមុខ​ ក្នុង​ការ​ឆ្លើយ​តប​ជា​អន្តរជាតិ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩៕