លោក Trump ថា នឹង​កម្ទេច​កូរ៉េ​ខាង​ជើង បើ​កូរ៉េ​ខាង​ជើង​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក

លោក​ប្រធានាធិបតី Donald Trump ថ្លែង​សុន្ទរកថា​នៅ​ក្នុង​មហាសន្និបាត​អង្គការ​ប្រជាជាតិ​លើកទី៧២​នៅ​ទីស្នាក់ការ​អ.ស.ប.​ ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ព្រមាន​ប្រទេស​កូរ៉េ​ខាង​ជើង​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ នៅ​ក្នុង​ការ​ថ្លែង​របស់​លោក​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​លោក​មិន​បាន​ផ្ដល់​នូវ​យុទ្ធសាស្ត្រ​ច្បាស់លាស់​អំពី​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ប្រទេស​កុម្មុយនិស្ត​កូរ៉េ​ខាង​ជើង​មួយ​នេះ​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​នានា។

ថ្លែង​ទៅ​កាន់​មេដឹកនាំ​នានា​មក​ពី​ជុំវិញ​ពិភពលោក​នៅ​ឯ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក Trump ដែល​នា​ពេល​ថ្មីៗ​នេះ​បាន​ពង្រីក​វោហារសាស្ត្រ​របស់​លោក​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​នោះ បាន​បង្កើន​ការ​រិះគន់​ខ្លាំងៗ​បន្ថែម​ទៀត​ទៅ​លើ​របប​ដឹកនាំ​របស់​លោក Kim Jong Un។

លោក Trump បាន​បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ធ្វើ​ការ​វាយ​ប្រហារ​លើ​សហរដ្ឋ​អាមេរិក ឬ​សម្ព័ន្ធមិត្ត​របស់​អាមេរិក នោះ​សហរដ្ឋ​អាមេរិក «គ្មាន​ជម្រើស​ណា​ក្រៅ​តែ​ពី​ការ​បំផ្លាញ​ប្រទេស​កូរ៉េ​ខាង​ជើង​ឲ្យ​ខ្ទេច​ទាំង​ស្រុង​នោះ​ទេ»។

លោក Bruce Bennett អ្នក​វិភាគ​ផ្នែក​យោធា​នៃ​អង្គការ Rand Corporation ក្នុង​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ការ​លើក​ឡើង​របស់​លោក Trump ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​កូរ៉េ​ខាង​ជើង​យល់​ពី​បញ្ហា​នេះ និង​មាន​គោល​បំណង​ចង់​ផ្ញើ​សារ​ដ៏​ច្បាស់​មួយ​ដល់​លោក Kim Jong Un ថា​អ្វី​នឹង​កើត​ឡើង​នោះ ប្រសិន​បើ​កូរ៉េ​ខាង​ជើង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

លោក Bruce Klingner អតីត​អ្នក​វិភាគ​របស់​ទីភ្នាក់ងារ CIA ដែល​នា​ពេល​បច្ចុប្បន្ន​នេះ​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​អង្គការ Heritage Foundation បាន​និយាយ​ថា ការ​ព្រមាន​របស់​លោក Trump ទោះបីជា​មាន​លក្ខណៈ​ខ្លាំងក្លា និង​ម៉ឺងម៉ាត់​ក៏​ដោយ គឺ​គ្រាន់តែ​សំដៅ​លើ​បរិបទ​នៃ​ការ​ឆ្លើយតប​របស់​សហរដ្ឋ​អាមេរិក​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​កូរ៉េ​ខាង​ជើង​តែ​ប៉ុណ្ណោះ៕