បន្ទាប់ពីលោក Donald Trump មហាសេដ្ឋីអចលនទ្រព្យដែលបានទទួលការជ្រើសតាំងជាបេក្ខជនប្រធានាធិបតីអាមេរិកបានចាយវាយប្រាក់កាសខ្លួនឯងយ៉ាងច្រើនក្នុងការឈរឈ្មោះជាប្រធានាធិបតីរបស់ខ្លួន ឥឡូវនេះ លោកកំពុងតែចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងក្នុងការរៃអង្គាសប្រាក់សម្រាប់ការប្រជែងរបស់លោកជាមួយនឹងបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលទំនងជាលោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក។
លោក Trump បានមានប្រសាសន៍ថា លោកបានចាយប្រាក់របស់ខ្លួនអស់ចំនួន៤៤លានដុល្លារនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែលមានរយៈពេលរាប់ខែមកនេះ ដើម្បីទទួលបានការជ្រើសតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ខណៈដែលលោកបានទទួលប្រាក់វិភាគទានចំនួន១២លានដុល្លារផ្សេងទៀតពីអ្នកគាំទ្ររបស់លោក។ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ លោកបានស្នើឲ្យប្រធានហិរញ្ញវត្ថុនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក គឺលោក Steven Mnuchin ដែលជាប្រធានក្រុមហ៊ុនវិនិយោគឯកជនមួយ ឲ្យមើលការខុសត្រូវទៅលើកិច្ចខិតខំប្រឹងប្រែងក្នុងការរៃអង្គាសប្រាក់ថ្នាក់ជាតិ សម្រាប់អ្វីដែលក្លាយទៅជាយុទ្ធនាការឃោសនាបោះឆ្នោតដែលមានទឹកប្រាក់១ពាន់លានដុល្លារផងនោះ។
លោក Trump ជារឿយៗអួតដល់ក្រុមអ្នកគាំទ្ររបស់ខ្លួនថា លោកគឺជាបេក្ខជនប្រធានាធិបតីឆ្នាំ២០១៦តែម្នាក់គត់ដែលបានចាយប្រាក់កាសផ្ទាល់ខ្លួន បើទោះបីជានេះជាការអះអាងមួយដែលពន្លើសក៏ដោយ ដោយហេតុផលថា លោកក៏ទទួលប្រាក់វិភាគទានផងដែរ។
បច្ចុប្បន្ននេះ លោកបានទទួលស្គាល់ថា លោកនឹងលក់អចលនទ្រព្យមួយចំនួនរបស់លោក ដែលលោកហៅថា នេះជាអ្វីដែលលោកមិនចាំបាច់នឹងធ្វើ ដើម្បីប្រមូលប្រាក់រាប់លានដុល្លារដែលចាំបាច់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជាតិប្រជែងនឹងលោកស្រី Clinton៕