ប្រទេសវៀតណាមកំពុងសម្លឹងមើលរកឱកាសដើម្បីចាប់ផ្ដើមទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខ ដែលជាទំនាក់ទំនងដ៏មានសារៈសំខាន់នេះ ឡើងវិញជាមួយនឹងសហរដ្ឋអាមេរិក។ ស្របពេលនោះដែរ វៀតណាមក៏កំពុងស្ទាបស្ទង់មើលលើឥទ្ធិពលបញ្ចុះបញ្ចូលរបស់ប្រទេសចិន ដែលជាគូសត្រូវចាស់របស់ខ្លួន។ វៀតណាមធ្វើកំពុងធ្វើដូច្នេះ បន្ទាប់ពីមានសំណើថ្មីមួយពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump។
លិខិតមួយច្បាប់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលបានផ្ញើជូនប្រធានាធិបតីវៀតណាមលោក Tran Dai Quang បានស្នើថា កិច្ចសហប្រតិបត្តិការទៅវិញទៅមកបន្ថែមទៀត អាចធ្វើឲ្យរដ្ឋាភិបាលក្រុងហាណូយរសាយនូវក្ដីកង្វល់របស់ខ្លួនដែលខ្វាយខ្វល់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានផ្អាកការជួយគាំទ្រដល់ប្រទេសវៀតណាមនោះ ទោះបីជាកិច្ចសហប្រតិបត្តិការបន្ថែមទៀតនេះទំនងជាមិនអាចផ្ដល់ជាសញ្ញាឲ្យឃើញពីការសម្រេចបានណាមួយភ្លាមៗក៏ដោយ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកវិភាគនានា។
ប៉ុន្តែ គេនៅមិនទាន់ឃើញមានការអធិប្បាយផ្លូវការណាមួយអំពីរឿងនេះ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិកនោះទេ។
អ្នកតាមដានស្ថានការណ៍នានាជឿជាក់ថា រដ្ឋាភិបាលវៀតណាមសង្ឃឹមថា លិខិតដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាមកាលពីសប្ដាហ៍មុននេះ មានន័យថា សហរដ្ឋអាមេរិកនឹងយល់ព្រមបង្កើនការធ្វើពាណិជ្ជកម្មជាមួយវៀតណាម ទោះបីជាលោក Trump លះបង់ចោលនូវកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP ក៏ដោយ។
លិខិតរបស់លោក Trump នេះ បានធ្វើឡើង បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទរវាងលោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc និងលោក Trump កាលពីខែធ្នូ ឆ្នាំមុន។ នៅពេលនោះ លោក Trump បាននិយាយថា លោកចង់បង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយប្រទេសទាំងពីរត្រូវរិះរកមធ្យោបាយនានាដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។
ប៉ុន្តែ អ្នកវិភាគនានានិយាយថា កិច្ចព្រមព្រៀងណាមួយរបស់សហរដ្ឋអាមេរិកជាមួយនឹងវៀតណាម ដើម្បីកាត់ពន្ធលើទំនិញនាំចូល ឬក៏ធ្វើទីផ្សារឲ្យក្លាយជាទីផ្សារសេរីនោះ គឺត្រូវការពេលវេលារាប់ឆ្នាំដើម្បីពិភាក្សាគ្នា៕