ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ត្រូវគេរំពឹងថានឹងចុះហត្ថលេខាអនុម័តច្បាប់ចាយវាយបន្ទាប់តម្លៃ៨.៣០០លានដុល្លារ សម្រាប់វិធានការទប់ទល់នឹងការរីករាលដាលនៃមេរោគកូរ៉ូណាប្រភេទថ្មី Covid-19 ដែលរួមមានថវិកាដើម្បីការបង្កើតវ៉ាក់សាំងការពារមួយផងដែរ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសេវាពលរដ្ឋលោក Alex Azar ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ឧបករណ៍ធ្វើតេស្តចំនួន១លានកញ្ចប់ នឹងត្រូវបានគេចែកចាយដល់មន្ទីរពិសោធន៍នានាទៅទូទាំងសហរដ្ឋអាមេរិកនៅត្រឹមចុងសប្តាហ៍នេះ។
កន្លងមករដ្ឋបាលលោកត្រាំបានរងការរិះគន់ថា មិនបានផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តមេរោគកូរ៉ូណានេះឲ្យបានគ្រប់គ្រាន់។
កាលពីថ្ងៃព្រហស្បតិ៍ លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានទៅទស្សនារដ្ឋ Washington នៅឆ្នេរសមុទ្រភាគខាងលិចសហរដ្ឋអាមេរិក ដែលរដ្ឋនេះជាកន្លែងដែលមានអ្នកស្លាប់១១នាក់ នៃអ្នកស្លាប់ពីជំងឺ Covid-19 ទាំងអស់នៅសហរដ្ឋអាមេរិកសរុប១២នាក់។ ករណីសា្លប់ភាគច្រើននៅក្នុងរដ្ឋ Washington នេះបានកើតឡើងនៅមជ្ឈមណ្ឌលថែទាំមនុស្សចាស់មួយកន្លែងនៅជិតទីក្រុង Seattle។
រដ្ឋ Maryland ជានៅឆ្នេរសមុទ្រខាងកើតសហរដ្ឋអាមេរិកជារដ្ឋថ្មីចុងក្រោយដែលទើបបានប្រកាសពីករណីឆ្លងមេរោគ Covid-19 ដំបូងរបស់ខ្លួន ដែលបានកើតឡើងលើប្តីប្រពន្ធវ័យជាង៧០ឆ្នាំពីរនាក់ និងស្ត្រីវ័យជាង៥០ឆ្នាំម្នាក់ ដែលអ្នកទាំងបីបានឆ្លងមេរោគនេះពេលធ្វើដំណើរលើនាវាកម្សាន្តនៅក្រៅប្រទេស។ អ្នកទាំងបីរស់នៅស្រុក Montgomery ជាយរដ្ឋធានីវ៉ាស៊ីនតោន។
រដ្ឋ Colorado ក៏បានប្រកាសករណីឆ្លងដំបូង២របស់ខ្លួនដែលបានកើតឡើងលើបុរសម្នាក់និងស្ត្រីម្នាក់ដែលបានធ្វើដំណើរនៅក្រៅប្រទេសដែរ។
នៅក្រៅសហរដ្ឋអាមេរិក មេរោគ Covid-19 បានឆ្លងទៅដល់ប្រទេសថ្មីមួយចំនួន រួមមាន បុរីវ៉ាទីកង់ ប្រទេសកាមេរូន ដែនដីប៉ាឡេស្ទីន។
នៅត្រឹមថ្ងៃព្រហ្បតិ៍មានករណី ឆ្លងជាង៩៨.០០០នាក់ និងអ្នកស្លាប់យ៉ាងតិច៣.៣០០នាក់៕