ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រាប់សារព័ត៌មាន New York Times ថា ប្រសិនបើរដ្ឋអាជ្ញាពិសេស ដែលធ្វើការស៊ើបអង្កេតអំពីឥទ្ធិពលរបស់រុស្ស៊ីលើការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន និងការឃុបឃិតដែលអាចទៅរួចរបស់រុស្ស៊ីជាមួយនឹងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ធ្វើការពង្រីកការស៊ើបអង្កេតនេះទៅដល់ការពិនិត្យទៅលើហិរញ្ញវត្ថុរបស់ក្រុមគ្រួសារលោកដែលមិនពាក់ព័ន្ធជាមួយនឹងរុស្ស៊ី នោះការស៊ើបអង្កេតនោះទើបអាចទទួលយកបាន។
លោក Trump បាននិយាយថា៖ «ខ្ញុំគ្មានចំណូលដែលទទួលបានពីប្រទេសរុស្ស៊ីនោះទេ។ ខ្ញុំមិនធ្វើជំនួញជាមួយនឹងរុស្ស៊ីនោះទេ»។ នេះបើយោងតាមកិច្ចសម្ភាសន៍របស់លោក Trump ជាមួយនឹងសារព័ត៌មាន New York Times ដែលផ្សព្វផ្សាយកាលពីល្ងាចថ្ងៃពុធម្សិលមិញ។
នៅក្នុងកិច្ចសម្ភាសន៍នេះ លោក Trump ក៏បានបញ្ជាក់អំពីការខកចិត្តរបស់លោកចំពោះការសម្រេចចិត្តរបស់លោក Jeff Sessions ក្នុងការដកខ្លួនចេញពីការស៊ើបអង្កេតករណីប្រទេសរុស្ស៊ីនេះ ដោយលោកបាននិយាយថា ប្រសិនបើលោក Sessions បានបញ្ជាក់អំពីគោលបំណងដូចនេះ មុនពេលលោកត្រូវបានតែងតាំងឲ្យធ្វើរឿងនេះ នោះលោក Trump ប្រាកដជាជ្រើសរើសអ្នកថ្មីជាមិនខាន។
លោក Trump បានបញ្ជាក់បន្ថែមថា អតីតប្រធានទីភ្នាក់ងារ FBI លោក James Comey បានចែករំលែកជាមួយលោកនូវឯកសារមិនច្បាស់ការណ៍មួយដែលបង្ហាញអំពីព័ត៌មានដែលធ្វើឲ្យប៉ះពាល់ដល់ខ្លួនលោកផ្ទាល់ ដើម្បីទទួលបានផលចំណេញលើរឿងនេះ៕