លោក Trump ថា សហរដ្ឋ​អាមេរិក​នឹង​ប្រឆាំង​ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨ នេះ

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​សេតវិមាន កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅតែ​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​ទៅ​លើ​ប្រទេស​រុស្ស៊ី​ថា​បាន​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Trump បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «រុស្ស៊ី​គ្មាន​ការ​ប៉ះពាល់​ណា​មួយ​ដល់​ការ​បោះ​ឆ្នោត​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ប៉ុន្តែ ពិត​ប្រាកដ​ណាស់ គឺ​មាន​ការ​ជ្រៀតជ្រែក​កើត​ឡើង ហើយ​ប្រហែល​ជា​មាន​ការ​ជ្រៀតជ្រែក​ពី​ប្រទេស​ផ្សេង​ទៀត ឬ​ពី​បុគ្គល​ផ្សេង​ទៀត​ក៏​ថា​បាន»។

ប៉ុន្តែ លោក​បាន​និយាយ​ថា រដ្ឋបាល​របស់​លោក​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ណា​មួយ​ក្នុង​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​នៅ​ក្នុង​ឆ្នាំ ២០១៨ នេះ។

លោក Trump បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​រឿង​នេះ​កើត​ឡើង​នោះ​ទេ។ យើង​បាន​ធ្វើ​ការ​សិក្សា​យ៉ាង​ហ្មត់ចត់​បំផុត​លើ​បញ្ហា​នេះ ហើយ​យើង​នឹង​មាន​នូវ​ការ​ស្នើ​ដ៏​ខ្លាំងក្លា​បំផុត​មួយ​ចំនួន​ទាក់ទិន​នឹង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨ នេះ។ ខ្ញុំ​គិត​ថា យើង​នឹង​ធ្វើ​បាន​ល្អ​បំផុត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨ នេះ ទោះបីជា​កាល​ពី​លើក​មុនៗ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​មិន​សូវ​បាន​ធ្វើ​ល្អ​លើ​រឿង​នេះ​ក៏​ដោយ»។

ប៉ុន្តែ អ្នក​វិភាគ​នានា​បាន​ព្រមាន​ថា រុស្ស៊ី​មិន​ដែល​ឈប់​ព្យាយាម​ជ្រៀតជ្រែក និង​ជះ​ឥទ្ធិពល​ទៅ​លើ​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ។

លោក Janusz Bugajski អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​វិភាគ​គោល​នយោបាយ​អឺរ៉ុប (Center for European Policy Analysis) បាន​បញ្ជាក់​ថា រុស្ស៊ី​នឹង​ព្យាយាម​ម្ដង​ទៀត​ដើម្បី​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ពាក់​កណ្ដាល​អាណត្តិ​នៅ​ក្នុង​ឆ្នាំ ២០១៨ នេះ ជា​ពិសេស​តាម​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

លោក Janusz Bugajski និយាយ​ថា៖ «រុស្ស៊ី​កំពុងតែ​ជ្រៀតជ្រែក​មិន​គួរ​ឲ្យ​ជឿ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា Facebook ជា​ដើម។ រុស្ស៊ី​ធ្វើ​ដូច្នេះ​តាម​រយៈ Facebook និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ដូច​នេះ ដើម្បី​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​គាំទ្រ​បេក្ខជន​ណា​ម្នាក់ ឬ​ក៏​ប្រឆាំង​នឹង​បេក្ខជន​ណា​មួយ ឬ​ក៏​ដើម្បី​ធ្វើ​ឲ្យ​សង្គម​អាមេរិក​មាន​ការ​បែកបាក់​គ្នា​ជា​ដើម។ រុស្ស៊ី​នៅតែ​បន្ត​ធ្វើ​ដូច្នេះ​ដដែល»។

លោក Janusz Bugajski បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ត្រូវតែ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ត្រៀម​ខ្លួន​ដើម្បី​វាយ​ប្រហារ​នៅ​ពេល​ណា​ដែល​ចាំបាច់។ លោក​បាន​បន្ថែម​ថា រុស្ស៊ី​ប្រហែល​ជា​ងាយ​នឹង​ទទួល​រង​ការ​បង្អាក់​រារាំង​តាម​រយៈ​ប្រព័ន្ធ​នយោបាយ​របស់​ខ្លួន​ជាង​សហរដ្ឋ​អាមេរិក។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​ប្រជាធិបតេយ្យ​រឹងមាំ ដែល​មាន​ការ​ការពារ​បាន​ល្អ។ រុស្ស៊ី​គឺ​ជា​ប្រទេស​ផ្ដាច់ការ​សាហាវ​ឃោរឃៅ​មួយ ដែល​អាច​នឹង​ប្រេះស្រាំ​បាន។សហរដ្ឋ​អាមេរិក​អាច​បញ្ជូន​សញ្ញា​ដ៏​ខ្លាំងក្លា​បំផុត​មួយ​ទៅ​ដល់​រុស្ស៊ី​ថា ប្រសិនបើ​អ្នក​ចង់​លេង​ជាមួយ​យើង យើង​អាច​ធ្វើ​បាន​ខ្លាំង​ជាង​អ្នក​ទៅ​ទៀត​នៅ​ក្នុង​ដែន​ព័ត៌មាន»។

ប៉ុន្តែ​អ្នក​វិភាគ​ផ្សេង​ទៀត​បាន​បញ្ជាក់​ថា ការ​សង្ស័យ​កើន​ឡើង​រវាង​ប្រទេស​ទាំង​ពីរ និង​ការ​គំរាមកំហែង​តបត​វិញ​នឹង​មិន​មាន​ប្រយោជន៍​អ្វី​នោះ​ទេ​សម្រាប់​ទំនាក់ទំនង​ដែល​ប្រេះស្រាំ​រួច​ទៅ​ហើយ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​រុស្ស៊ី។

លោក Thomas Greminger អគ្គលេខាធិការ​អង្គការ​សន្តិសុខ និង​កិច្ច​សហប្រតិបត្តិការ​នៅ​ទ្វីប​អឺរ៉ុប បាន​និយាយ​ថា៖ «វា​គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ធំ​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ និង​ចំពោះ​ការ​មិន​សូវ​ទុក​ចិត្ត​គ្នា​ស្រាប់​រួច​ទៅ​ហើយ​រវាង​ប្រទេស​ទាំង​ពីរ»។

លោក Dan Coats ប្រធាន​ទីភ្នាក់ងារ​ជាតិ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក បាន​ប្រាប់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​ព្រឹទ្ធសភា​ថា ប្រទេស​រុស្ស៊ី​មើល​ឃើញ​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​ឆ្នាំ ២០១៨ នេះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ថា​ជា «គោលដៅ​ដែល​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​បាន»។ ប៉ុន្តែ លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ប្រទេស​ចិន កូរ៉េ​ខាង​ជើង និង​អ៊ីរ៉ង់​ក៏​បង្ក​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ផង​ដែរ​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល​ដោយ ភី សុភាដា