លោក Trump ថា សហរដ្ឋ​អាមេរិក «កំពុង​ធ្វើ​បាន​ល្អ» រឿង​បង្កើត​វ៉ាក់សាំង​កូវីដ១៩

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ពាក់​ម៉ាស​ការពារ ក្នុងអំឡុង​ពេល​ទស្សនកិច្ច​នៅ​រោងចក្រ Fujifilm Diosynth Biotechnologies' Innovation Center ក្នុង​រដ្ឋ North Carolina សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ (REUTERS)

ក្រុមហ៊ុន Fujifilm Diosynth កំពុង​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ឲ្យ​ក្រុមហ៊ុន Novavax នៅ​ទីក្រុង Gaithersburg រដ្ឋ Maryland ដែល​បាន​បង្កើត​វ៉ាក់សាំង​នេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ថា សហរដ្ឋ​អាមេរិក «កំពុង​ធ្វើ​បាន​ល្អ» នៅ​ក្នុង​ការ​បង្កើត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ស្រប​ពេល​ដែល​មន្ទីរពិសោធន៍​មួយ​នៅ​រដ្ឋ North Carolina បាន​ចាប់ផ្ដើម​ផលិត​វ៉ាក់សាំង​ដែល​មាន​សង្ឃឹម​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។

លោក Trump បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​មន្ទីរពិសោធន៍​នោះ​នៅ​ក្រៅ​ទីក្រុង Raleigh។ មន្ទីរពិសោធន៍​នេះ​នឹង​ចាប់ផ្ដើម​ផលិត​វ៉ាក់សាំង​ដើម្បី​ពិសោធន៍​លើ​មនុស្ស ៣ ម៉ឺន​នាក់ នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​នៅ​ពេល​ខាង​មុខ​នេះ។

ក្រុមហ៊ុន Fujifilm Diosynth កំពុង​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ឲ្យ​ក្រុមហ៊ុន Novavax នៅ​ទីក្រុង Gaithersburg រដ្ឋ Maryland ដែល​បាន​បង្កើត​វ៉ាក់សាំង​នេះ។

ក្រុមហ៊ុន Novavax ទទួល​បាន​ថវិកា​ចំនួន ១ ពាន់ ៦ រយ​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​សហព័ន្ធ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​បង្កើន​ល្បឿន​បង្កើត​វ៉ាក់សាំង​ការពារ​ជំងឹ​កូវីដ១៩។

រដ្ឋបាល​របស់​លោក Trump បាន​ចាប់ផ្ដើម​កម្មវិធី Operation Warp Speed ដែល​ជា​កម្មវិធី​មួយ​ដែល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ជា​ច្រើន​កំពុង​បង្កើត​ឡើង​ក្នុង​ពេល​ជាមួយ​គ្នា ក្នុង​ក្ដី​សង្ឃឹម​ថា​នឹង​ទទួល​បាន​វ៉ាក់សាំង​ដ៏​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ចំនួន ៣០០ លាន​ដូស នៅ​ត្រឹម​ខែ​មករា ឆ្នាំ​ក្រោយ។

ស្រប​ពេល​ដែល​លោក Trump កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋ North Carolina លោក​អនុ​ប្រធានាធិបតី Mike Pence ស្ថិត​នៅ​ទីក្រុង Miami រដ្ឋ Florida ដែល​នៅ​ទី​នោះ ការ​ពិសោធន៍​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ មួយ​ទៀត ដែល​បាន​បង្កើត​រួម​គ្នា​ដោយ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​សហរដ្ឋ​អាមេរិក និង​ក្រុមហ៊ុន Moderna បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ៕