លោក Trump ថា លោក​អាច​ជួប​ម្ដង​ទៀត​ជាមួយ​នឹង​លោក Kim Jong Un

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ចាប់​ដៃ​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un នៅ​ក្នុង​ជំនួប​មួយ​នៅ​ប្រទេស​កូរ៉េខាង​ត្បូង ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ថា លោក​បើក​ចំហ​ឲ្យ​មាន​ការ​ប្រជុំ​មួយ​លើក​ទៀត​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ទោះបីជា​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បង្ហាញ​សញ្ញា​ថា ខ្លួន​មិន​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ចាប់ផ្ដើម​ឡើង​វិញ​នូវ​កិច្ច​ពិភាក្សា​ដែល​ជាប់​គាំង​អំពី​រឿង​នុយក្លេអ៊ែរ​នេះ​ក៏​ដោយ។

លោក Trump បាន​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​អ្នកស្រី Greta Van Susteren នៃ​ទូរទស្សន៍ Gray។

លោក Trump បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​យល់​ថា ពួកគេ​ចង់​ជួប​ពិភាក្សា ហើយ​យើង​នឹង​ប្រាកដ​ជា​ជួប​ពិភាក្សា​ជា​មិន​ខាន»។ ក្រោយ​មក លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​នឹង​ជួប​ពិភាក្សា ប្រសិនបើ​ខ្ញុំ​គិត​ថា វា​មាន​ប្រយោជន៍»។

នៅ​ពេល​ដែល​អ្នកស្រី Van Susteren ដែល​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ VOA ផង​នោះ បាន​សួរ​ថា​តើ​លោក Trump គិត​ថា ការ​ប្រជុំ​ដូច​នេះ​នឹង​មាន​ប្រយោជន៍​ឬ​ក៏​អត់​នោះ លោក Trump បាន​ឆ្លើយ​ដូច្នេះ​ថា៖ «ប្រហែល​ជា​មាន​ប្រយោជន៍។ ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​បំផុត​ជាមួយ​នឹង​លោក [Kim Jong Un] ដូច្នេះ​វា​ប្រហែល​ជា​មាន​ប្រយោជន៍»។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ពីរ​ដង​កាល​ពី​សប្ដាហ៍​មុន​ថា ខ្លួន​គ្មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ពិភាក្សា​បន្ថែម​ទៀត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នោះ​ទេ ដោយ​បាន​ទទូច​ថា កិច្ច​ប្រជុំ​មួយ​លើក​ទៀត​មានតែ​ផ្ដល់​ប្រយោជន៍​ដល់​ស្ថានភាព​នយោបាយ​របស់​លោក Trump នៅ​ក្នុង​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ។

កាល​ពី​ដើម​ខែ​នេះ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​បញ្ជាក់​ថា លោក​ចង់​ឃើញ​លោក Trump និង​លោក Kim Jong Un ជួប​ពិភាក្សា​គ្នា​ម្ដង​ទៀត មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចូល​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ៕