ការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងការដកកងកម្លាំងសហរដ្ឋអាមេរិកចេញពីប្រទេសស៊ីរី នៅចំពេលដែលមានការលុកលុយពីប្រទេសតួកគី ត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោក Trump រងការចោទប្រកាន់ថាបានបោះបង់ចោលពួក Kurd ដែលបានជួយសហរដ្ឋអាមេរិកវាយប្រយុទ្ធជាមួយនឹងពួកជ្រុលនិយមរដ្ឋឥស្លាម ដោយសារលោកបានដកកងទ័ពអាមេរិកាំង ១ ពាន់នាក់ពីភាគខាងជើងប្រទេសស៊ីរី ស្របពេលដែលតួកគីធ្វើការវាយលុកដែលគ្រោងជាយូរមកហើយប្រឆាំងនឹងយុទ្ធជន Kurd។
លោក Trump បានទទូចថា លោកគ្រាន់តែព្យាយាមធ្វើតាមការសន្យារបស់លោកនៅពេលឃោសនាបោះឆ្នោតតែប៉ុណ្ណោះ ដែលលោកធ្លាប់បានសន្យាថានឹងដកកងទ័ពអាមេរិកាំងចេញពីស្ថានការណ៍វឹកវរនានានៅបរទេស។ លោកបានចាត់ទុកការសម្រេចរបស់ប្រទេសស៊ីរីថាជាការប្រឆាំងនឹងមន្ត្រី និងអ្នកជំនាញការរបស់សហរដ្ឋអាមេរិក ដែលជួយគាំទ្រអ្វីដែលលោកហៅថាជា «សង្គ្រាមគ្មានទីបញ្ចប់»។
រឿងរ៉ាវដូចនេះគឺជារឿងពាក់ព័ន្ធពិសេសដែលប្រទេសកូរ៉េខាងត្បូងចាប់អារម្មណ៍ ដោយកូរ៉េខាងត្បូងនៅពេលបច្ចុប្បន្ននេះធាតុពិតនៅមានសង្គ្រាមនៅឡើយជាមួយនឹងប្រទេសកូរ៉េខាងជើងតាំងពីទសវត្សរ៍ ១៩៥០ មក។ សហរដ្ឋអាមេរិកមានទាហានឈរជើងនៅប្រទេសកូរ៉េខាងត្បូងចំនួនជាង ២ ម៉ឺន ៨ ពាន់នាក់។
លោក Trump បានរិះគន់សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងអស់រយៈពេលរាប់ទសវត្សរ៍មកហើយ ប៉ុន្តែទំនាក់ទំនងនេះកាន់តែមានភាពតានតឹងជាងមុននៅពេលដែលក្រុមអ្នកចរចារបស់លោក Trump ចូលរួមក្នុងការចរចាដែលមានបំណងចង់ឲ្យរដ្ឋាភិបាលក្រុងសេអ៊ូលបង់ថ្លៃចំណាយច្រើនបន្ថែមទៀតសម្រាប់ការចំណាយនៃការមានវត្តមានរបស់ទាហានអាមេរិកាំងនៅលើទឹកដីកូរ៉េខាងត្បូង។
អត្ថបទវិចារណកថាមួយដែលបានចេញផ្សាយនៅក្នុងកាសែត Chosun Ilbo របស់កូរ៉េខាងត្បូងកាលពីសប្ដាហ៍មុន បានបង្ហាញអំពីទំនាក់ទំនងយ៉ាងច្បាស់រវាងការណ៍ដែលលោក Trump «ក្បត់» ពួក Kurd និងគោលបំណងរបស់លោក Trump ចំពោះប្រទេសកូរ៉េខាងត្បូង។
អត្ថបទនេះបន្តថា លោក Trump វាយតម្លៃលើសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងផ្អែកលើលុយ ដោយសារតែលោក Trump បានគំរាមប៉ុន្មានលើករួចមកហើយថានឹងដកកងទ័ពអាមេរិកាំងចេញពីដែនដីកូរ៉េ៕