លោកត្រាំ​និយាយ​ថា​ទណ្ឌកម្ម​ប្រឆាំង​នឹង​​រុស្ស៊ី​នៅតែ​បន្តប៉ុន្តែ​ប្រហែល​មិនយូរទេ

កាយវិការ​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​ Donald Trump នៅ​ពេល​ដែល​លោក​កំពុង​ថ្លែង​សុន្ទរកថា​ក្នុង​កម្មវិធី​ «សហរដ្ឋអាមេរិក​សូមអរគុណ» ក្នុងទីក្រុង​​ Cincinnati កាល​ពី​ថ្ងៃទី០១ ធ្នូ​២០១៦។

លោក​ប្រធានា​ធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ និយាយ​ថា​លោកនឹង​រក្សា​ការដាក់ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​ដែល​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋបាល​របស់​លោកអូបាម៉ា ក៏ប៉ុន្តែ ​ការដាក់​ទណ្ឌកម្ម​នោះ​អាច​មាន​រយៈ​ពេល​ខ្លី។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កាសែត The Wall Street Journal ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ របស់​កាសែត​នោះ​កាល​ពី​យប់​ថ្ងៃ​សុក្រ ​លោក​ដូណាល់ ត្រាំ​បាន​និយាយ​ថា ​លោក​នឹង​រក្សា​ការដាក់​ទណ្ឌកម្មសេដ្ឋ​កិច្ច​នោះ​យ៉ាង​ហោច​ណាស់​ក៏​មួយ​រយៈ​ពេល​ដែរ ក៏ប៉ុន្តែ ​អាច​លប់​ចោល​ការ​ដាក់ទ័ណ្ឌកម្មនោះ ​ប្រ​សិនបើ​រុស្ស៊ី​ជួយ​នៅ​ក្នុងការប្រយុទ្ធប្រឆាំង​ភេរវជន​ហើយ​នឹង​ជួយ​ឲ្យ​សម្រេច​គោលដៅផ្សេង​ៗ​ទៀតដែល​មាន​សារៈ​សំខាន់​ដល់​សហរដ្ឋ​អាមេរិក។លោក​ប្រធា​នា​ធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេ​រិក​បាន​ប្រាប់​កាសែត​នោះ​ថា «ប្រសិនបើ លោក ចុះ​សម្រុងនឹង​គ្នា ​ហើយ​ប្រសិនបើ​រុស្ស៊ី​ប្រាកដ​ជាមួយ​យើង ​ហេតុអ្វីបាន​ជាគេ​ត្រូវ​ដាក់​ទណ្ឌកម្មសេដ្ឋ​កិច្ច‍»។

លោកត្រាំ​បាន​និយាយ​ទៀត​ថា នៅពេល​ដែល​លោក​ស្បថ​ចូល​កាន់​តំ​ណែង លោកប្រុង​ប្រៀប​ខ្លួន​ហើយ​ដើម្បី​ជួប​ប្រធានា​ធិបតីរុស្ស៊ី Vladimir Putin។​ លោក​ប្រធានា​ធិបតី​ជាប់​ឆ្នោត​អាមេរិក​បាន​ប្រាប់​កាសែត​នោះ​ថា ​«​ខ្ញុំ​យល់​ថា ​ពួកគេ​ចង់​ជួប ​ហើយ​ការណ៍​នេះ​ប្រាកដ​ជា​មិនមាន​បញ្ហា​អ្វី​ទេ​សម្រាប់​ខ្ញុំ‍»។

​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ទៀត សេចក្តី​រាយការណ៍​ក្នុងកាសែត​ The Washington Post បាន​ប្រាប់​ឲ្យ​ដឹង​ថា ​រុស្ស៊ី​បាន​អញ្ជើញ​រដ្ឋបាល​របស់​លោកត្រាំឲ្យ​ចូល​រួម​ការចរចា​សន្តិភាព​ស្តីពី​ប្រទេស​ស៊ីរី​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុងAstanaនៃ​ប្រទេសកាហ្សាក់​ស្ថាន ​ទើបតែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​សម្ភោធ​ចូលកាន់​តំណែង​របស់​លោក​ត្រាំ។​

កាសែត The Washington Post ​បាន​រាយការណ៍​បន្ត​ទៀត​ថា ​លោក Sergey Kislyak ​ឯកអគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន ​បានអញ្ជើញកាល​ពី​ខែ​មុន​នៅ​ក្នុងការ​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោក Michael Flynn ដែល​ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ​នៅពេល​ខាង​មុខ​របស់​លោកត្រាំ។​ រដ្ឋបាល​របស់​លោក​អូបាម៉ា​មិនបាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុងការ​ចរចា​នោះ​ទេ។

​យោងតាម​ទី​ភ្នាក់​ងារព័ត៌មាន Associated Press ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ​រដ្ឋបាល​របស់​លោក​អូបាម៉ា​បាន​ដឹង​ពីការ​និយាយ​ទូរស័ព្ទ​នេះ​ហើយ​នឹងការ​ប្រាស្រ័យ​ទាក់ទង​ជារឿយៗ​រវាង​លោក Flynn និង​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​នេះ៕