ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ឈប់ការគំរាមកំហែងបិទព្រំដែនភាគខាងត្បូងរវាងសហរដ្ឋអាមេរិកនិងម៉ិចស៊ិកភ្លាមៗ ដើម្បីបង្អាក់ជនចំណាកស្រុកខុសច្បាប់ ផ្ទុយទៅវិញ លោកបានប្រាប់ប្រទេសម៉ិកស៊ិកថា ប្រទេសនេះមានរយៈពេលមួយឆ្នាំដើម្បីទប់ស្កាត់ថ្នាំញៀនខុសច្បាប់ និងការកើនឡើងនូវជនចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក បើពុំដូច្នេះទេ លោកនឹងយកពន្ធគយលើរថយន្ត ដែលម៉ិកស៊ិកនាំចេញមកកាន់សហរដ្ឋអាមេរិក។
ប្រធានាធិបតីត្រាំបានបញ្ឈប់អត្ថាធិប្បាយតាមប្រព័ន្ធ Twitter ប៉ុន្មានថ្ងៃដោយនិយាយថា លោកប្រហែលបិទព្រំដែនបន្ទាប់ពីទីប្រឹក្សាខាងសេដ្ឋកិច្ចរបស់សេតវិមាននិងសមាជិកសភាខាងគណបក្សសាធារណរដ្ឋបានព្រមានលោកថា ការបិទព្រំដែន នឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកដែលជាមហាអំណាចផុត លេខរបស់ពិភពលោកនោះ។
មន្រ្តីសេតវិមាន បានព្យាយាមរិះរកមធ្យោបាយដែលប្រធានាធិបតី ត្រាំ អាចបញ្ឈប់ជនអន្តោប្រវេសន៍គ្មានក្រដាសស្នាមកុំឲ្យចូលសហរដ្ឋអាមេរិក ខណៈដែលមិនរារាំងលំហូរទំនិញ និងសេវាកម្មដែលមានតម្លៃជិត ១ពាន់៧រយ លានដុល្លារដែលបានឆ្លងកាត់ព្រំដែនជារៀងរាល់ថ្ងៃ រួមជាមួយកម្មករត្រឹមត្រូវតាមច្បាប់ និស្សិត អ្នកទិញទំនិញ និងអ្នកទេសចរ ជិត៥សែននាក់។
ប្រធានាធិបតី ត្រាំ ប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា ម៉ិកស៊ិកអាចបញ្ឈប់ក្បួនជនចំណាកស្រុកពីប្រទេសនានានៅតំបន់អាមេរិកកណ្តាល ដូចជាប្រទេសក្វាតេម៉ាឡា ហុងឌុយរ៉ាស និងប្រទេសអែលសាវ៉ាឌ័រ នៅឯព្រំដែនភាគខាងត្បូងរបស់ខ្លួន ដើម្បីបញ្ឈប់ការឆ្លងកាត់របស់ពួកគេតាមប្រទេសម៉ិកស៊ិកទៅកាន់សហរដ្ឋអាមេរិក៕