ប្រធានាធិបតីអាមេរិកលោក Donald Trump និយាយដូច្នេះថា៖ «នៅពេលជញ្ជាំងព្រំដែនត្រូវបានសាងសង់ឡើង ការឆ្លងព្រំដែនខុសច្បាប់នឹងធ្លាក់ចុះ។ ខ្ញុំនឹងសាងសង់វាឡើងជាមិនខាន»។
លោកប្រធានាធិបតី Trump ដែលប្រកាន់ជំហរមិនងាករេ នៅតែខ្វែងគំនិតគ្នាជាមួយនឹងប្រធានរដ្ឋសភាដែលប្រកាន់ជំហរមិនងាករេដែរ។
អ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភា ដែលមកពីគណបក្សប្រជាធិបតេយ្យ និយាយដូច្នេះថា៖ «ច្បាប់ថវិកានឹងមិនបញ្ចូលថវិកាសម្រាប់ការសាងសង់ជញ្ជាំងព្រំដែនណាមួយនោះទេ»។
កន្លងមក មិនទាន់មានកិច្ចព្រមព្រៀងណាមួយសម្រេចបានដោយគណៈកម្មាធិការប្រជុំនៃសភាទាំងពីរថ្នាក់ដែលមានការចូលរួមពីគណបក្សទាំងពីរនោះទេ។ គណៈកម្មាធិការនេះមានតួនាទីស្វែងរកចំណុចរួមអំពីបញ្ហាសន្តិសុខព្រំដែននៅមុនថ្ងៃសុក្រខាងមុខនេះ ដែលជាថ្ងៃដែលថវិកាចំណាយរបស់រដ្ឋាភិបាលនឹងអស់ម្ដងទៀត។
ប៉ុន្តែ លោកប្រធានាធិបតី Trump មានអំណាចនៅក្នុងដៃក្នុងនាមជាអគ្គមេបញ្ជាការជាតិ ដើម្បីប្រកាសដាក់ប្រទេសជាតិទៅក្នុងភាពអាសន្នដោយមិនបាច់ឆ្លងកាត់ការអនុម័តរបស់សភា។
លោក Kevin Mccarthy មេដឹកនាំគណបក្សសាធារណរដ្ឋនៃរដ្ឋសភា និយាយដូច្នេះថា៖ «ខ្ញុំគិតថា គ្មាននរណាម្នាក់អាចជំទាស់ចំពោះអំណាចផ្លូវច្បាប់របស់លោកបានទេនៅក្នុងការប្រកាសដាក់ប្រទេសជាតិទៅក្នុងភាពអាសន្ន»។
គណបក្សប្រជាធិបតេយ្យបានបញ្ជាក់ថា ការប្រកាសដាក់ប្រទេសជាតិទៅក្នុងភាពអាសន្នគឺជារឿងមិនចាំបាច់ និងមិនឆ្លាតវៃ។
លោក Chuck Schumer មេដឹកនាំខាងគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភា និយាយថា៖ «នៅពេលណាដែលប្រធានាធិបតីជ្រៀតជ្រែក នៅពេលនោះមានបញ្ហាកើតឡើង។ ដូច្នេះ ខ្ញុំអាចផ្ដល់យោបល់ចំពោះលោកប្រធានាធិបតីថា ប្រសិនបើលោកមិនចង់ឲ្យមានការបិទរដ្ឋាភិបាល ប្រសិនបើលោកមិនចង់ចាំបាច់ត្រូវប្រកាសដាក់ប្រទេសជាតិទៅក្នុងភាពអាសន្ន ដែលជាអ្វីដែលខ្ញុំប្រឆាំង និងជាអ្វីដែលខ្ញុំគិតថានឹងមិនកើតឡើងនោះ សូមកុំធ្វើវា»។
សមាជិកដ៏មានឥទ្ធិពលមួយចំនួនខាងគណបក្សសាធារណរដ្ឋក៏មានអារម្មណ៍មិនស្រួលក្នុងចិត្តផងដែរ។
លោក Mitch Mcconnell មេដឹកនាំខាងគណបក្សសាធារណរដ្ឋប្រចាំព្រឹទ្ធសភា និយាយថា៖ «ការប្រកាសដាក់ប្រទេសជាតិទៅក្នុងភាពអាសន្នកាលពីអតីតកាលគឺមិនដែលធ្វើឡើងដោយការឈ្លោះប្រកែកគ្នានោះទេ។ ខ្ញុំច្បាស់ថា ការប្រកាសដាក់ប្រទេសជាតិទៅក្នុងភាពអាសន្ននៅពេលនេះគឺនឹងអាចកើតឡើងដោយសារការឈ្លោះប្រកែកគ្នា»។
លោក Trump នៅតែជម្នះលើរឿងនេះ ដោយលោកបានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា៖ «ជញ្ជាំងព្រំដែននឹងត្រូវសាងសង់ឡើងទោះតាមវិធីណាក៏ដោយ»។
ជាទូទៅ អំណាចរបស់ប្រធានាធិបតីនៅក្នុងការប្រកាសដាក់ប្រទេសជាតិទៅក្នុងភាពអាសន្នគឺគ្មានអ្វីគួរឲ្យឆ្ងល់នោះទេ។
លោក Paul Schiff Berman សាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យ George Washington និយាយថា៖ «ច្បាប់សហព័ន្ធបានបញ្ជាក់នូវចំណុចជាច្រើនដែលប្រធានាធិបតីអាចប្រកាសដាក់ប្រទេសជាតិទៅក្នុងភាពអាសន្នបាននៅក្នុងបរិបទផ្សេងៗ»។
ប៉ុន្តែ មានចំណុចសំខាន់មួយ ដែលនោះគឺស្ថានភាពប្រទេសជាតិត្រូវតែមានលក្ខណៈបន្ទាន់ និងធ្ងន់ធ្ងរ។
លោក Paul Schiff Berman បន្ថែមថា៖ «វិបត្តិដ៏ពិតប្រាកដមួយអាចជាគ្រោះមហន្តរាយធម្មជាតិ ឬក៏ជាការឈ្លានពានរបស់បរទេសជាដើម ដែលតម្រូវការនៅក្នុងការចាត់វិធានការជាបន្ទាន់គឺចាំបាច់បំផុត ដោយសារប្រធានាធិបតីត្រូវការអំណាចក្នុងការប្រកាសដាក់ប្រទេសជាតិទៅក្នុងភាពអាសន្ន ដោយសារតែគ្មានពេលគ្រប់គ្រាន់ដើម្បីឲ្យសភាអនុម័ត»។
អ្នកតាមដានស្ថានការណ៍នានាបានកត់សម្គាល់ឃើញថា បញ្ហាខ្វះខាតខាងសន្តិសុខព្រំដែនរបស់សហរដ្ឋអាមេរិកត្រូវបានគេជជែកដេញដោលអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។
លោក John Hudak អ្នកវិភាគនយោបាយនៃវិទ្យាស្ថាន Brookings និយាយថា៖ «ខ្ញុំគិតថា ពលរដ្ឋអាមេរិកាំងភាគច្រើនមានមន្ទិលសង្ស័យចំពោះរឿងនេះ និងនិយាយថា តើមានការប្រែប្រួលអ្វីខ្លះចាប់ពីដំណាក់កាលដំបូងនៃអាណត្តិប្រធានាធិបតីរហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលធ្វើឲ្យស្ថានការណ៍ប្រទេសមានភាពធ្ងន់ធ្ងរបន្ទាន់ ដែលតម្រូវឲ្យមានការប្រកាសដាក់ប្រទេសទៅក្នុងភាពអាសន្ននោះ?»៕
ប្រែសម្រួលដោយ ភី សុភាដា