ប្រធានាធិបតី​ Trump ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មីលើ​ប្រទេសអ៊ីរ៉ង់

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ស្តី​ពី​ការ​ដាក់​ទណ្ឌកម្ម​នៅ​ក្នុង​បន្ទប់​បៃតង ក្នុង​ក្រុង Bedminster Township រដ្ឋ New Jersey កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨។

ស.រ.អា.​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មីលើ​ប្រទេស​អ៊ីរ៉ង់​ដែល​បានត្រូវ​ដាក់ជា​ដំបូង​ដើម្បី​គាប​សង្កត់​ប្រទេស​នេះ​ឱ្យ​កម្រិត​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ហើយ​ដែល​បន្ទាប់​មក​បាន​ត្រូវ​លុបចោល​តាម​រយៈ​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយកាលពី​ឆ្នាំ២០១៥។​

ប្រធានាធិបតី​ Trump ជា​អ្នករិះ​គន់​ញឹក​ញយ​ដល់​កិច្ច​ព្រម​ព្រៀងនេះ​ហើយ​លោក​បាន​ដក​ស.រ.អា.​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ​កាលពី​បី​ខែ​មុន​នេះ ដែល​នាំ​ឱ្យមាន​ការ​ដក់ទណ្ឌកម្ម​ជាថ្មី​ដែល​ចូល​ជា​ធរមាន​កាល​ពី​ពេល​ពាក់​កណ្តាល​អធ្រាត្រ​កាលពី​ថ្ងៃចន្ទ។​

លោក Trump បាន​ tweet នៅថ្ងៃអង្គារ​នេះ​ថា «ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់​មាន​ធ្វើ​ជា​ផ្លូវ​ការ​ហើយ។ ​ទាំង​នេះ​ជា​ការ​ដាក់​ទណ្ឌកម្ម​មុត​មាំ​បំផុត​ដែល​មិន​ធ្លាប់​មានពី​ពេល​មុន​ទេ​ហើយ​ក្នុង​ខែវិច្ឆិកា​ទណ្ឌកម្ម​ទាំង​នេះ​នឹង​ត្រូវ​បង្កើន​មួយ​កម្រិត​ទៀត។​ ជន​ទាំង​ឡាយ​ណា​ដែល​ធ្វើជំនួញ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​នឹង​មិន​ធ្វើជំនួញ​ជាមួយ​ស.រ.អា.​ទេ។​ ខ្ញុំ​សុំ​ឱ្យមាន​សន្តិភាពក្នុង​ពិភពលោក​ គ្មាន​អ្វី​ក្រៅ​ពី​នេះទេ!»។

ការ​ដាក់ទណ្ឌ​កម្មលើក​នេះ​យក​ជា​ទី​ដៅ​នូវ​វិស័យ​រថយន្ត​នៃ​ប្រទេស​អ៊ីរ៉ង់ ពាណិជ្ជកម្ម​មាស និង​លោហធាតុ​មាន​តម្លៃ​ឯ​ទៀតៗ ជាមួយ​រូបិយបណ្ណ Rial និង​កិច្ចការ​ហិរញ្ញវត្ថុ​ឯ​ទៀតៗ​ផង​ដែរ។​

នៅ​ថ្ងៃទី៥​ ខែ​វិច្ឆិកា ស.រ.អា.​នឹង​មាន​កំណត់​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​កិច្ចការ​ទាក់​ទិន​នឹង​វិស័យ​ថាមពល​នៃ​ប្រទេស​អ៊ីរ៉ង់​ និង​ការ​រក​ស៊ីខាង​ជំនួញ​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​បរទេស​ជាមួយ​ធនាគារ​កណ្តាល​នៃ​ប្រទេស​អ៊ីរ៉ង់៕