កិច្ច​ប្រជុំ​រវាង​លោក​ ត្រាំ​និង​លោក​ ពូទីន ទំនង​កើត​ឡើង​នៅ​ក្រៅ​កិច្ច​ប្រជុំ​ APEC ប៉ុន្តែ​មន្ត្រី​អាមេរិក​ឲ្យ​ប្រុង​ប្រយ័ត្ន

រូបភាពឯកសារ៖ បុគ្គលិក​​កំពុង​តម្លើង​ទង់ជាតិ​សហរដ្ឋអាមេរិក​និង​រុស្ស៊ីដើម្បី​ត្រៀម​កិច្ច​ប្រជុំ​ទ្វេភាគី​កាលពី​ថ្ងៃទី​២៦ សីហា ២០១៧។

មិន​ទាន់​មាន​ព័ត៌មាន​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រភព​ជិត​ស្និត​ជាមួយ​នឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ​ផ្តល់​តម្រុយ​ថា លោក​ទំនង​នឹង​មាន​កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​សុក្រ​នេះ​ ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ពេល​មាន​កិច្ច​ប្រជុំ​កំពូល​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ឬ​ហៅ​កាត់​ថា APEC នៅ​ក្នុង​ប្រទេស​វៀតណាម។

លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ Rex Tillerson ដែល​ធ្វើ​ដំណើរ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១២ថ្ងៃ​នៅ​តំបន់​អាស៊ី​នោះ បាន​ធ្វើ​ឲ្យ​ពាក្យ​ចចាមអារ៉ាម​នេះ​បន្ត​មាន​ឡើង។ លោក​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖«ច្បាស់​ណាស់​ក្រុម​មេដឹកនាំ​នឹង​ជួប​ជុំគ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ។ វា​មិន​មាន​អ្វី​ខុស​ធម្មតា​នោះ​ទេ ប្រសិន​បើ​ពួក​គេ​មាន​ជួប​ប្រជុំ​គ្នា​ក្រៅ​កិច្ច​ប្រជុំ​ដែរ​នោះ‍»។

ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​កាទូត​កំពូល​របស់​អាមេរិក​រូប​នេះ​បាន​លើក​ឡើង​ថា កិច្ច​ប្រជុំ​នេះ​ប្រហែល​មិន​មែន​ជា​កិច្ច​ពិភាក្សា​ទ្វេ​ភាគី​ពេញលេញ​នោះ​ទេ។

លោក​ Tillersonបាន​ចោទ​សួរ​ដោយ​ឌឺ​ដង​ថា៖ «នៅ​ពេល​ដែល​មេដឹកនាំ​ទាំង​ពីរ​ជួប​គ្នា តើ​ត្រូវ​មាន​របៀប​វារៈ​ច្បាស់​លាស់​ដែរ​ឬ‍‍‍»? លោក​បាន​បន្ត​ថា៖ «មិន​ទាន់​មាន​សេចក្តី​សម្រេច​អ្វី​នៅ​ឡើយ​ទេ។ ប្រសិន​បើ​យើង​នឹង​មាន​កិច្ច​ប្រជុំ​អ្វី​មួយ​នោះ​ យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា នឹង​មាន​កិច្ច​ប្រជុំ​ដែល​មាន​ន័យ​មួយ‍»៕