លោក Trump ពន្យារពេល​យក​ពន្ធ​គយ​ថ្មី​លើ​ទំនិញ​ចិន ក្រោយ​មាន​ការ​វិវឌ្ឍ​រឿង​ចរចា​ពាណិជ្ជកម្ម

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ថ្លែង​នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ប្រកាស​ថា លោក​នឹង​ពន្យារពេល​រឿង​យក​ពន្ធ​គយ​ថ្មី​លើ​ទំនិញ​របស់​ចិន ដោយសារតែ​អ្វី​ដែល​លោក​បាន​បញ្ជាក់​ថា​ជា «ដំណើរ​វិវឌ្ឍ​ដ៏​សំខាន់» នៅ​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន។

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «នេះ​ជា​ចុង​សប្ដាហ៍​ដ៏​ល្អ​បំផុត​សម្រាប់​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន»។ លោក​បាន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​មាន​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​លើ «បញ្ហា​គ្រឹះ​សំខាន់ៗ​មួយ​ចំនួន ដូចជា​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា ការ​ផ្ទេរ​បច្ចេកវិទ្យា កសិកម្ម សេវាកម្ម រូបិយវត្ថុ និង​បញ្ហា​ផ្សេងៗ​ទៀត»។

កន្លង​មក លោក Trump បាន​កំណត់​យក​ថ្ងៃ​ទី ១ ខែ​មីនា ជា​ថ្ងៃ​ផុត​កំណត់​នៃ​ការ​ដំឡើង​ពន្ធ​គយ​ថ្មី​ពី ១០ ទៅ ២៥ ភាគរយ លើ​ទំនិញ​ចិន​ដែល​មាន​ទឹក​ប្រាក់ ២០០ ពាន់​លាន​ដុល្លារ​អាមេរិក ប្រសិនបើ​គ្មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​សម្រេច​ឡើង។

លោក Trump មិន​បាន​បញ្ជាក់​ថា​តើ​ភាគី​ទាំង​ពីរ​ខិត​ជិត​គ្នា​បាន​កម្រិត​ណា​នោះ​ទេ។ ប៉ុន្តែ លោក​បាន​និយាយ​ថា លោក​នឹង​រៀបចំ​ជំនួប​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​រមណីយដ្ឋាន Mar-a-Lago របស់​លោក ក្នុង​រដ្ឋ Florida ដើម្បី «សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម»។

មន្ត្រី​ជាន់​ខ្ពស់​អាមេរិកាំង និង​មន្ត្រី​ជាន់​ខ្ពស់​ចិន​បាន​ជួប​ពិភាក្សា​គ្នា​ជា​ហូរហែ​កន្លង​មក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង និង​រដ្ឋធានី​វ៉ាស៊ីនតោន តាំង​ពី​លោក Trump និង​លោក Xi Jinping បាន​ប្រកាស​ទុក​ពេល ៩០ ថ្ងៃ ដើម្បី​ចរចា​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន។

សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ជា​យូរ​មក​ហើយ​ថា​ធ្វើ​ពាណិជ្ជកម្ម​មិន​យុត្តិធម៌។ ការ​ចោទ​ប្រកាន់​ទាំង​នោះ​មាន​ដូចជា ការ​លួច​កម្មសិទ្ធិ​បញ្ញា និង​ការ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ផ្ដល់​ព័ត៌មាន​ពាណិជ្ជកម្ម​សម្ងាត់​ដល់​ចិន ប្រសិនបើ​ក្រុមហ៊ុន​ទាំង​នោះ​ចង់​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ចិន​ជា​ដើម៕