លោក ត្រាំ ជ្រើស​យក​លោក ​Ben Carson ​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​លំនៅដ្ឋាន​និង​ទីក្រុង​

លោក​ Ben Carson (កណ្ដាល) កាល​ពី​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត​ ក្នុងដំណាក់​កាល​ជជែក​ដេញដោល​លើក​ទី៣ រវាង​លោក ត្រាំ និង​លោក​ស្រី គ្លីនតុន។

ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក ​លោក ដូណាល់​ ត្រាំ បាន​ជ្រើសរើស​អតីត​គូប្រជែង​របស់​ខ្លួន ​លោក ​Ben Carson ​គ្រូពេទ្យ​ខាង​វះកាត់​ប្រព័ន្ធ​ប្រសាទ​ដែលចូល​និវត្តន៍ ​ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​លំនៅដ្ឋាន​និង​ទីក្រុង។

លោក​ ត្រាំ​ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក​ Carson​ «គឺ​ជា​មនុស្ស​ម្នាក់​ដ៏​ឆ្លាតវៃ​និង​ចូល​ចិត្ត​ការ​ពង្រឹង​សហគមន៍​និង​គ្រួសារ​នៅ​ក្នុង​សហគមន៍​ទាំង​នោះ។ យើង​បាន​និយាយ​គ្នា​យ៉ាង​ច្រើន​អំពី​របៀបវារៈ​នៃ​ការកែ​ប្រែ​ទីក្រុង​ និង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ដែល​ផ្តោត​លើ​ទីក្រុង​របស់​យើង»។​

លោក ​Carson ​មាន​វ័យ​ ៦៥​ឆ្នាំ​ គ្មាន​ជំនាញ​ខាង​គោលនយោបាយ​លំនៅដ្ឋាន​នោះ​ទេ ប៉ុន្តែ​កាល​ពី​កុមារភាព​ លោក​បាន​ស្នាក់​នៅ​លំនៅដ្ឋាន​សាធារណៈ​ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​អភិវឌ្ឍន៍​លំនៅដ្ឋាន​និង​ទីក្រុង។ កាល​ពី​មុន ​លោក​បាន​ប្រឆាំង​នឹង​កម្មវិធី​របស់​រដ្ឋាភិបាល​ ដែល​លើក​ទឹកចិត្ត​ដល់​អ្វី​ដែល​លោក​ហៅ​ថា ​«ជា​ការ​ពឹងផ្អែក​លើ​គេ» ហើយ​លោក​ក៏​បាន​លើក​ទឹកចិត្ត​ឲ្យ​បុគ្គល​ម្នាក់ៗ​ខិតខំប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង​ដើម្បី​ទទួល​បាន​ជោគជ័យ។

លោក Carson ​បាន​នាំ​មុខ​លោក ត្រាំ​ នៅ​ក្នុង​ការប្រកួត​ដើម្បី​ទទួល​បាន​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ ប៉ុន្តែ​ការគាំទ្រ​ចំពោះ​លោក​បាន​ធ្លាក់​ចុះ ​ហើយ​នៅ​ទីបំផុត​លោក​ក៏​បាន​ដក​ខ្លួន​ចេញ​ពី​ការប្រជែង​យក​តំណែង​ប្រធានាធិបតី​នោះ​ ហើយ​ងាក​មក​គាំទ្រ​លោក ត្រាំ​ វិញ។ លោក​គឺ​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ទី​មួយ​ហើយ​ដែល​លោក ត្រាំ​ តែងតាំង​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោក៕