ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានលើកលែងទោសលោក Michael Flynn ដែលជាទីប្រឹក្សាសន្តិសុខជាតិនៅដំណាក់កាលដំបូងនៃរដ្ឋបាលរបស់លោកដោយនេះបញ្ចប់នីតិវិធីព្រហ្មទណ្ឌដែលលោកTrump កន្លងមកបាននិយាយថាមិនយុត្តិធម៌ខណៈលោកទទួលការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកប្រជាធិបតេយ្យ។
លោក Trump បានសរសេរកាលពីថ្ងៃពុធថា៖ «វាជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ខ្ញុំដែលបានប្រកាសថាឧត្តមសេនីយ៍ Michael T. Flynn បានទទួលការលើកលែងទោសពេញលេញ។លោកឧត្តមសេនីយ៍ Flynn សូមឲ្យលោកមានជីវិតអស្ចារ្យ!»។
អ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាមកពីគណបក្សប្រជាធិបតេយ្យបានរិះគន់ការលើកលែងទោសនេះដោយនិយាយថាលោក Flynn គួរតែទទួលខុសត្រូវចំពោះអ្វីដែលអ្នកស្រីហៅថាជា«ការរំលោភដ៏ធ្ងន់ធ្ងរនិងគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់យើង»។
អ្នកស្រី Pelosi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គួរឱ្យស្តាយការលើកលែងទោសនេះគឺជាភស្តុតាងបន្ថែមទៀតដែលបង្ហាញថាលោក Trumpគ្រោងនឹងប្រើឱកាសចុងក្រោយរបស់លោកពេលនៅមានតំណែងដើម្បីធ្វើឱ្យប៉ះពាល់ដល់នីតិរដ្ឋបន្ទាប់ពីអាណត្តិប្រធានាធិបតីរបស់លោកបរាជ័យ។ នៅក្នុងសភាថ្មីវាជាការចាំបាច់ដែលយើងត្រូវអនុម័តច្បាប់ការពារលទ្ធិប្រជាធិបតេយ្យរបស់យើងនៅរដ្ឋសភានិងព្រឹទ្ធសភាដែលរារាំងមិនឲ្យប្រធានាធិបតីរំលោភអំណាចលើកលែងទោស»។
លោក Flynn បានសារភាពទោសកំហុសពីរដងថា លោកបានកុហកការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI អំពីការសន្ទនារបស់លោកជាមួយលោក Sergey Kislyak ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកនៅពេលនោះអំពីការដាក់ទណ្ឌកម្មដែលរដ្ឋបាលលោកObamaបានដាក់លើប្រទេសរុស្ស៊ីចំពោះការជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០១៦។
ការសន្ទនាបានធ្វើឡើងចន្លោះការជាប់ឆ្នោតនៅចុងឆ្នាំ២០១៦របស់លោក Trump និងពេលដែលលោកចូលកាន់តំណែងនៅខែមករាឆ្នាំ២០១៧ ។ មន្ត្រីរដ្ឋបាលលោក Obama បានព្រមានរដ្ឋបាលលោក Trump ថាលោក Flynn អាចងាយរងគ្រោះដោយការគំរាមកំហែងហើយបន្ទាប់ពីបានចូលធ្វើការបានជិតមួយខែលោក Trump ដកលោក Flynn ចេញ៕