លោកត្រាំជួប​លោក Mitt Romney និង​បេក្ខជន​មួយ​ចំនួន​ទៀត ខណៈពេល​​កំពុង​បង្កើត​រដ្ឋបាល​របស់​លោក

លោកត្រាំជួប​លោក Mitt Romney (ខាងស្តាំ) និង​បេក្ខជន​មួយ​ចំនួន​ទៀត ស្រប​ពេល​លោក​កំពុង​បង្កើត​រដ្ឋបាល​របស់​លោក។

លោក Mitt Romney ដែល​ជា​អ្នក​រិះគន់​មិន​សំចៃ​មាត់​មួយ​រូប​មក​ពី​គណបក្ស​សាធារណរដ្ឋ​ចំពោះ​លោក Donald Trump(ដូណាល់ ត្រាំ) ក្នុង​អំឡុង​ពេល​ដំបូងៗ​នៃ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​កន្លង​មក គឺ​ជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​មន្ត្រី​មួយ​ក្រុម​ដែល​បាន​ជួប​ជាមួយ​នឹង​លោក Donald Trump ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​សៅរ៍​ម្ស៉ិលមិញ ស្រប​ពេល​ដែល​លោក Trump កំពុង​ជ្រើសរើស​បេក្ខជន​ដើម្បី​បំពេញ​តំណែង​នានា​នៅ​ក្នុង​រដ្ឋបាល​របស់​លោក។

អ្នក​ផ្សេងៗ​ទៀត ដែល​បាន​ជួប​ជាមួយ​លោក Trump នៅ​ឯ​ទីលាន​វាយ​កូន​ហ្គោល​របស់​លោក នៅ​ក្នុង​រដ្ឋ New Jersey មាន​ដូចជា សកម្មជន​អប់រំ​អ្នកស្រី Michelle Rhee និង​អ្នកស្រី Betsy DeVos ក៏​ដូចជា​លោក​ឧត្ដមសេនីយ៍​ចូល​និវត្តន៍ James Mattis ដែល​ជា​អ្នក​កំពុង​ត្រូវ​បាន​គេ​ពិចារណា​ដើម្បី​ដឹកនាំ​មន្ទីរ​បញ្ចកោណ ដែល​ជា​មន្ទីរ​យោធា​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លោក Trump បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​ក្លឹប​វាយ​កូន​ហ្គោល Trump National Gold Club ស្រប​ពេល​ដែល​លោក និង​លោក Romney កំពុង​ចាក​ចេញ​ពី​កន្លែង​ប្រជុំ​ថា កិច្ច​ប្រជុំ​នេះ​ដំណើរ​ការ​បាន​ល្អ​ណាស់។

លោក Romney បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក និង​លោក Trump បាន​ពិភាក្សា​ជាមួយ​គ្នា​យ៉ាង​លម្អិត​អំពី​កិច្ចការ​ពិភពលោក។

លោក Romney ដែល​ជា​គូ​ប្រជែង​ជាមួយ​លោក Barack Obama នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១២ ត្រូវ​បាន​គេ​បញ្ជាក់​នា​ពេល​ថ្មីៗ​នេះ​ថា លោក​អាច​ជា​ជម្រើស​របស់​លោក Trump ក្នុង​ការ​តែងតាំង​លោក​ជា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក។

នៅ​ថ្ងៃ​អាទិត្យ​នេះ លោក Trump មាន​គម្រោង​ជួប​ជាមួយ​នឹង​លោក Wilbur Ross ដែល​អាច​ជា​បេក្ខជន​សម្រាប់​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។ លោក Wilbur Ross រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ ដោយសារ​ការ​វិនិយោគ​លើ​ក្រុមហ៊ុន​ដែល​ក្ស័យ​ធន់។ លោក Trump ក៏​នឹង​ជួប​ជាមួយ​នឹង​លោក David McCormick ប្រធាន​ក្រុមហ៊ុន​វិនិយោគ Bridgewater Associates និង​លោក​Chris Christie អភិបាល​រដ្ឋ New Jersey ផង​ដែរ៕