ប្រធានាធិបតីអាមេរិកលោក Donald Trump និងសមភាគីបារាំងលោក Emmanuel Macron បានថ្លែងថាមានការព្រមព្រៀងគ្នាជារួមលើបញ្ហាសំខាន់ៗជាច្រើននៅក្នុងសន្និសីទកំពូល G7 នៅប្រទេសបារាំង បើទោះបីជាមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួននៅអំឡុងកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងភ្លើងឆេះព្រៃ Amazon ក៏ដោយ។
នៅឯសន្និសីទសារព័ត៌មានរួមគ្នាមួយកាលពីថ្ងៃចន្ទ លោក Trump បានថ្លែងថា នេះគឺជាការបង្រួបបង្រួមគ្នាយ៉ាងអស្ចារ្យ ខណៈលោក Macron បានថ្លែងថា ទោះជាមានការខ្វែងគំនិតគ្នាយ៉ាងណាក៏ដោយ ក៏ភាគីទាំងអស់បានខិតខំស្វែងរកចំណុចរួមគ្នាទាល់តែបាន។
ទាក់ទិនទៅនឹងបញ្ហាប្រទេសអ៊ីរ៉ង់ លោក Macron បានថ្លែងថា លោកមានសង្ឃឹមទៅលើកិច្ចប្រជុំនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ រវាងលោក Trump និងប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani។ ទោះជាយ៉ាងណាក្តី លោក Trump មិនទាន់ប្រាកដអំពីពេលវេលានៃកិច្ចប្រជុំនាពេលខាងមុខនេះនៅឡើយទេ។
លោកបានថ្លែងដោយបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរនិងកាំជ្រួចម៉ីស៊ីលផ្លោងឆ្លងទ្វីបជាដាច់ខាត។ លោកបាននិយាយក្នុងសម្តីដើមថា «ប្រសិនបើកាលៈទេសៈកើតឡើងដូចតាមការរំពឹងទុក នោះខ្ញុំនឹងយល់ព្រមចូលរួមកិច្ចប្រជុំ»។
លោក Macron បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់លោកចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ដែលលោក Trump បានដកខ្លួនចេញកាលពីឆ្នាំមុន។ លោក Trump នៅតែហៅកិច្ចព្រមព្រៀងនោះថាជាកិច្ចព្រមព្រៀងអាក្រក់។
នៅអំឡុងសន្និសីទកំពូល G7 មេដឹកនាំពិភពលោកបានបង្ហាញក្តីបារម្ភអំពីការកើនឡើងនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន។
លោក Trump បានថ្លែងថាសហរដ្ឋអាមេរិកបានទទួលសញ្ញាវិជ្ជមានពីរដ្ឋាភិបាលក្រុងប៉េកាំងលើបញ្ហានេះដោយលោកបាននិយាយថា «ខ្ញុំគិតថាចិនពិតជាចង់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មយ៉ាងខ្លាំងជាមួយនឹងអាមេរិក»។
លោក Macron បានថ្លែងថាកិច្ចព្រមព្រៀងនឹងជួយលុបបំបាត់ភាពមិនប្រាកដប្រជានៅក្នុងទីផ្សារសកលលោកពាក់ព័ន្ធនឹងបញ្ហានេះ៕