លោក Rudy Giuliani មេធាវីផ្ទាល់ខ្លួនរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងជាឥស្សរជនសំខាន់ក្នុងការជំរុញឲ្យប្រទេសអ៊ុយក្រែនធ្វើការស៊ើបអង្កេតដើម្បីផ្តល់ផលប្រយោជន៍នយោបាយឲ្យលោក Trump នោះ បាននិយាយថា លោកនឹងផ្តល់សក្ខីកម្មនៅឯការចោទប្រកាន់់ប្រធានាធិបតី ហើយថា លោកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យលោក Trump រួចពីការចោទប្រកាន់។
លោក Giuliani បាននិយាយថា៖
«ខ្ញុំនឹងផ្តល់សក្ខីកម្ម។ ខ្ញុំនឹងធ្វើបាឋកថា ខ្ញុំនឹងថ្លែងសុន្ទរកថា»។
លោក Giuliani បាននិយាយដូច្នេះនៅពេលលោកទៅចូលរួមពិធីជប់លៀងថ្ងៃចូលឆ្នាំសកលរបស់លោក Trump នៅឆ្នេរមហាសមុទ្រអាត្លង់ទិកនៅរដ្ឋផ្លរីដាកាលពីយប់ថ្ងៃអង្គារ។
លោក Giuliani ដែលជាអតីតអភិបាលក្រុងញូវយ៉ក និងជាមនុស្សជំនិតរបស់លោក Trump នឹងមិនមែនជាមេធាវីម្នាក់នៃមេធាវីរបស់លោក Trump នៅក្នុងការជំនុំជម្រះក្តីនៅព្រឹទ្ធសភាទេ។ លោក Pat Cipillone ទំនងជានឹងធ្វើជាមេធាវីនាំមុខក្នុងការការពារក្តីរបស់លោក Trump ដែលមិនទាន់កំណត់កាលបរិច្ឆេទនៅឡើយនោះ។
លោក Trump ប្រឈមនឹងបទចោទប្រកាន់ចំនួន២ ដែលត្រូវបានអនុម័តកាលពីខែមុនដោយសមាជិកសភាភាគច្រើននៃគណបក្សប្រជាធិបតេយ្យនៅក្នុងសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ នៅពេលសមាជិកសភាគណបក្សសាធារណរដ្ឋរួបរួមគ្នាប្រឆាំងនឹងការចោទប្រកាន់នេះ។
លោក Trump ត្រូវបានចោទប្រកាន់ពីបទរំលោភអំណាចប្រធានាធិបតីរបស់លោកដោយគាបសង្កត់ឲ្យរដ្ឋាភិបាលក្រុងកៀវធ្វើការស៊ើបអង្កេតលោក Joe Biden អតីតអនុប្រធានាធិបតីដែលជាគូប្រជែងសំខាន់របស់លោក Trump ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ និងបទរារាំងការស៊ើបអង្កេតរបស់សភាចំពោះសកម្មភាពរបស់លោកទាក់ទងនឹងបញ្ហាប្រទេសអ៊ុយក្រែននេះ៕