លោក ត្រាំ និង​សមាជិក​សភា​ព្យាយាម​កុំ​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​អាមេរិក

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និយាយ​ជាមួយ​នឹង​នាយ​ខុទ្ទកាល័យ​គឺ​លោក John Kelly នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នឹង​ជួប​ជាមួយ​នឹង​មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ក្នុង​កិច្ចខិតខំប្រឹងប្រែង​មួយ​ដើម្បី​សង្គ្រោះ​ដល់​កញ្ចប់​ថវិកា​សម្រាប់​សាងសង់​ជញ្ជាំង​នៅ​ព្រំដែន។ ថវិកា​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិកា​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​តែ​អនុម័ត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​ធ្នូ ខាង​មុខ​នេះ។ ថវិកា​នេះ​គឺ​ជា​សកម្មភាព​ផ្លូវ​ច្បាប់​ចុងក្រោយ​បង្អស់​របស់​សភា​ដែល​ត្រួតត្រា​ដោយ​គណបក្ស​សាធារណរដ្ឋ និង​ជា​ច្បាប់​ដែល​ត្រូវ​តែ​អនុម័ត​មួយ​ដើម្បី​ចៀសវាង​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​នៅ​មុន​រដូវ​កាល​ឈប់​សម្រាក​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ។

ភាគី​ទាំង​ពីរ​ប្រឈម​នឹង​ការ​តវ៉ា​គ្នា​ចំពោះ​បញ្ហា​អន្តោប្រវេសន៍​ជា​លើក​ចុងក្រោយ​បង្អស់ ប៉ុន្មាន​សប្តាហ៍​មុន​នឹង​រដ្ឋសភា​អាមេរិក​ប្តូរ​ការ​ត្រួតត្រា​ពី​សំណាក់​គណបក្ស​សាធារណរដ្ឋ​ទៅ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​វិញ។ ​

លោក ត្រាំ នឹង​ជួប​ជាមួយ​នឹង​លោក Chuck Schumer មេដឹកនាំ​សំឡេង​ភាគតិច​នៅ​ក្នុង​ព្រឹទ្ធសភា និង​លោកស្រី Nancy Pelosi មេដឹកនាំ​សំឡេង​ភាគតិច​នៅ​ក្នុង​រដ្ឋសភា ដើម្បី​ពិនិត្យ​មើល​ថា​តើ​អាច​ថ្លឹងថ្លែង​ទៅ​លើ​សំណើ​របស់​លោក​ដែល​ស្នើ​សុំ​ប្រាក់​រហូត​ដល់​៥​ពាន់​លាន​ដុល្លារ​សម្រាប់​សាងសង់​ជញ្ជាំង​នៅ​ព្រំប្រទល់​នេះ​ក្នុង​ឆ្នាំ​សារពើពន្ធ​២០១៩​ដែរ​ឬ​យ៉ាងណា។

ជំនួប​នេះ​នឹង​ក្លាយ​ជា​ការ​សាកល្បង​ដំបូង​បង្អស់​ទៅ​លើ​សមត្ថភាព​របស់​លោក ត្រាំ ក្នុង​ការ​ចរចា​ទៅ​លើ​កិច្ចព្រមព្រៀង​លក្ខណៈ​ទ្វេ​បក្ស ក្រោយ​ពី​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​កាល​ពី​ខែ​ វិច្ឆិកា​ កន្លង​ទៅ​នេះ៕