មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅបន្តមានទំនាក់ទំនង «ពិសេស» ជាមួយគ្នា ទោះបីជាមានភាពជាប់គាំងរឿងចរចានុយក្លេអ៊ែរក៏ដោយ។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន KCNA នេះ បានរិះគន់មន្ត្រីអាមេរិកាំងថាជាអ្នកធ្វើឲ្យទំនាក់ទំនងនេះមានភាពរកាំរកូស។
សេចក្ដីប្រកាសនេះយោងទៅលើការលើកឡើងរបស់ទីប្រឹក្សាក្រសួងការបរទេសកូរ៉េខាងជើងលោក Kim Kye Gwan ដែលបាននិយាយជាមួយនឹងលោក Kim Jong Un «កាលពីប៉ុន្មានថ្ងៃមុន»។
លោក Kim Kye Gwan បាននិយាយថា៖ «អ្វីដែលខ្ញុំអាចអះអាងបានគឺថា ទំនាក់ទំនងជិតស្និទ្ធរវាងលោក [Kim Jong Un] ប្រធានគណៈកម្មការកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គឺរឹងមាំ ហើយលោកទាំងពីរនៅតែមានការទុកចិត្តគ្នាទៅវិញទៅមកដដែល»។
លោកបានបន្តថា៖ «បញ្ហាគឺថា ផ្ទុយទៅនឹងការវាយតម្លៃផ្នែកនយោបាយ និងគោលបំណងរបស់លោកប្រធានាធិបតី Trump ក្រុមមន្ត្រីនយោបាយក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងអ្នកធ្វើគោលនយោបាយកូរ៉េខាងជើងនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកគឺជាអ្នកប្រឆាំងជាមួយនឹងប្រទេសកូរ៉េខាងជើងដោយគ្មានហេតុផល ដោយមានគំនិតលំអៀងទាំងផ្នែកចិត្តសាស្ត្រ និងមនោគមវិជ្ជាដែលបន្សល់តាំងពីសម័យសង្គ្រាមត្រជាក់»។
សេចក្ដីប្រកាសនេះបានបញ្ជាក់សារជាថ្មីអំពីកាលបរិច្ឆេទនៅដំណាច់ចុងឆ្នាំនេះ ដែលរដ្ឋាភិបាលកូរ៉េខាងជើងកំណត់ឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកប្ដូរវិធីសាស្ត្ររបស់ខ្លួនចំពោះការចរចានុយក្លេអ៊ែរ។
លោក Trump និងលោក Kim Jong Un បានជួបប្រជុំគ្នា ៣ លើករួចមកហើយតាំងពីខែមិថុនា ឆ្នាំមុនមក និងបានផ្ញើលិខិតទៅវិញទៅមកផងដែរ៕