លោក​ត្រាំ​ចេញ​ធ្វើ​យុទ្ធនាការ​គាំទ្រ​បេក្ខជន​ខាងគណបក្ស​សាធារណរដ្ឋ​សម្រាប់​ការបោះឆ្នោត​មូលដ្ឋាន​នៅ​ថ្ងៃអង្គារ​នេះ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​សម្រាប់​យុទ្ធនាការ​មួយ​នៅ​ក្នុង​ក្រុង Lexington​ កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ថ្ងៃអង្គារ​នេះ​មាន​ការបោះឆ្នោត​សំខាន់ៗ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក​ដោយ​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ ​ចេញ​ធ្វើ​យុទ្ធនាការ​គាំទ្រ​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​ក្នុង​ក្តី​សង្ឃឹម​ថា​នឹង​ជួយរក្សា​ជំហរ​នយោបាយ​របស់​លោក​ នៅមួយ​ឆ្នាំ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​និង​ការបោះឆ្នោត​គ្រប់គ្រង​រដ្ឋសភា និង​ព្រឹទ្ធសភា​ចូល​មក​ដល់។

លោក ត្រាំ ដែល​តាម​រយៈ​ការស្ទង់​មតិ​បង្ហាញ​ថា​លោក​កំពុង​ប្រឈម​នឹង​ការ​មិន​ពេញ​ចិត្ត​កាន់​តែ​ខ្លាំង​ពី​សំណាក់​អ្នក​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស​ និង​ដែល​កំពុង​ប្រឈម​នឹង​ការប្តឹងចោទ​ប្រកាន់​ទម្លាក់​ចេញ​ពី​តំណែង​នៅក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ បាន​ធ្វើ​យុទ្ធនាការ​ជួបជុំ​គ្នា​មួយ​នៅរដ្ឋ Kentucky ដើម្បី​គាំទ្រ​ដល់​អភិបាល​រដ្ឋ​ខាងគណបក្ស​សាធារណៈរដ្ឋ​លោក Matt Bevin ដែល​ជា​អ្នក​គាំទ្រ​ស្នោះស័្មគ្រ​របស់​លោក​ប្រធានាធិបតី។ លោក Matt Bevin កំពុង​ប្រឈម​នឹង​ការប្រកួតប្រជែង​យ៉ាង​ខ្លាំង​ជាមួយ​នឹងគូប្រជែង​ខាង​គណបក្សប្រជាធិបតេយ្យ​គឺ​លោក Andy Beshear​ រដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ Kentucky ដែល​លោក​គឺ​ជា​កូនប្រុស​របស់​អតីត​អភិបាល​រដ្ឋ Kentucky។

លោក ត្រាំ​បាន​បង្ហោះសារ​នៅលើ Twitter មុន​ពេល​លោក​ចាកចេញ ​ទៅ​ចូលរួម យុទ្ធនាការ​នៅ​រដ្ឋ Kentucky ថា «រដ្ឋ Kentucky កំពុង​មាន​សេដ្ឋកិច្ច​ល្អ​បំផុត​នៅ​ក្រោម​ការដឹកនាំ​របស់​លោក Matt»។ ចំណែកឯ​នៅក្នុង​សារមួយ​ទៀត​លោក​ត្រាំ​បាន​ថ្លែង​ថា «លោក Matt​ នឹង​មិន​ធ្វើ​ឲ្យ​អ្នក​អស់​សង្ឃឹម​ទេ​ ហើយ​យើង​នឹង​បញ្ជូន​សារ​ដ៏ខ្លាំង​មួយ​ទៅកាន់​អ្នកស្រី Nancy Pelosi និង​គណបក្ស​ប្រជាធិតេយ្យ​ឆ្វេង​និយម​ជ្រុល»។

សាររបស់​លោកត្រាំ​គឺ​ចង់​សំដៅ​ទៅ​លើ​គូប្រជែង​របស់​លោក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន គឺ​អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ការស៊ើបអង្កេត​ប្តឹង​ប្រឆាំង​នឹង​លោកត្រាំ​ បន្ទាប់​ពី​លោក​បាន​និយាយ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ស៊ើបអង្កេត​លើ​លោក Joe Biden អតីត​អនុប្រធានាធិបតី​ដែល​ជា​បេក្ខជន​នាំមុខ​ខាង​គណបក្ស​ប្រជាធិបតី​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ២០២០​ខាងមុខ៕