សមាជិកកំពូលខាងគណបក្សប្រជាធិបតេយ្យបានប្រកាសអំពីបទចោទនៃការចោទប្រកាន់ដើម្បីទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង នៅឯសន្និសីទកាសែតនៅវិមានសភានៅព្រឹកថ្ងៃអង្គារនេះ។ បទចោទដែលបានប្រកាសនោះគឺមានពីរ ដែលនោះ គឺការរំលោភអំណាច និងការរារាំងដំណើរការស៊ើបអង្កេតរបស់សភា។
ដំណាក់កាលបន្ទាប់គឺរដ្ឋសភាពេញអង្គនឹងបោះឆ្នោតសម្រេចលើបទចោទទាំងនេះ ហើយប្រសិនបើលោក Trump ត្រូវបានចោទប្រកាន់ទម្លាក់ពីតំណែង នោះគេរំពឹងថា ព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋនឹងបើកសវនាការកាត់ទោសលោកនៅខែមករាខាងមុខនេះ។ ប៉ុន្តែការផ្ដន្ទាទោសដករូបលោកចេញពីតំណែងបានគឺតម្រូវឲ្យមានសំឡេងគាំទ្រ ៦៧ លើ ១០០ នៅក្នុងព្រឹទ្ធសភា ដែលករណីនេះគឺទំនងជាមិនអាចទៅរួចនោះទេ ដោយសារតែយ៉ាងហោចណាស់តម្រូវឲ្យមានសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋចំនួន ២០ នាក់ ប្រឆាំងនឹងលោក Trump៕