លោក Trump ថា លោក​មិន​មែន​ជា​អ្នក​ប្រកាន់​ពូជ​សាសន៍​នោះ​ទេ

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ជួប​ជាមួយ​នឹង​លោក Ricardo Rossello ​អភិបាល​រដ្ឋ Puerto Rico នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០១៧។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​បដិសេធ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា លោក​មិន​មែន​ជា​អ្នក​ប្រកាន់​ពូជ​សាសន៍​នោះ​ទេ។ លោក​បដិសេធ​ដូច្នេះ​គឺ​ក្នុង​រយៈពេល ៣ ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ថា លោក​បាន​និយាយ​សំដៅ​លើ​ជន​អន្តោប្រវេសន៍​ដែល​មក​ពី​ប្រទេស​ហៃទី អែលសាល់វាឌ័រ និង​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ថា​ជា​អ្នក​មក​ពី «ប្រទេស​គួរ​ឲ្យ​ខ្ពើម​រអើម»។

លោក Trump បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ម្នាក់​នៅ​ឯ​រមណីយដ្ឋាន Mar-a-Lago របស់​លោក​ក្នុង​រដ្ឋ Florida ថា៖ «ខ្ញុំ​គឺ​ជា​មនុស្ស​ប្រកាន់​ពូជ​សាសន៍​តិចតួច​ជាង​គេ​បំផុត»។

បើ​យោង​ទៅ​តាម​អ្នក​ចូលរួម​មួយ​ចំនួន​នៅ​ក្នុង​ការ​ប្រជុំ​របស់​សេតវិមាន​អំពី​បញ្ហា​អន្តោប្រវេសន៍ លោក Trump បាន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​ហៃទី អែលសាល់វាឌ័រ និង​បណ្ដា​ប្រទេស​អាហ្វ្រិក​នានា​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក។ ហើយ​លោក​បាន​និយាយ​ថា លោក​ចង់​បាន​ជន​អន្តោប្រវេសន៍​ច្រើន​បន្ថែម​ទៀត​មក​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេស​ន័រវែស​ជា​ដើម។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​មិន​ចង់​បញ្ចូល​ប្រទេស​ហៃទី​ទៅ​ក្នុង​កិច្ច​ព្រមព្រៀង​កំណែ​ទម្រង់​អន្តោប្រវេសន៍​នោះ​ទេ។

ទោះបីជា​សេតវិមាន​មិន​ដែល​បដិសេធ​អំពី​ការ​ប្រើប្រាស់​ពាក្យ​អសុរោះ​របស់​លោក Trump ក្នុង​ការ​និយាយ​អំពី​ជន​អន្តោប្រវេសន៍​គ្រប់​ជាតិ​សាសន៍​ក៏​ដោយ ក៏​លោក Trump បាន​បដិសេធ​លើ​រឿង​នេះ។

លោក Trump បាន​សរសេរ​នៅ​លើ Twitter ថា៖ «ខ្ញុំ​មិន​ដែល​និយាយ​ពាក្យ​ប្រមាថ​មើលងាយ​ណា​មួយ​ទៅ​លើ​ប្រទេស​ហៃទី​នោះ​ទេ។ រឿង​នេះ​បាន​បង្កើត​ឡើង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ។ ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ហៃទី។ ការ​ប្រជុំ​នៅ​ពេល​អនាគត​ប្រហែល​ជា​គួរតែ​ថត​ទុក ដោយសារតែ​មិន​អាច​ទុក​ចិត្ត​បាន​សោះ‍»។

លោក Dick Durbin សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Illinois ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​នោះ​ដែរ បាន​អះអាង​ថា លោក Trump ពិតជា​បាន​ប្រើ​ពាក្យ​ប្រមាថ​មើលងាយ​មែន៕