ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបដិសេធមិនបញ្ជាក់ថាតើលោកនឹងសុខចិត្តផ្ទេរអំណាចដោយសន្តិវិធីដែរឬទេ ប្រសិនបើលោកចាញ់បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden នៅក្នុងការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃពុធ លោក Trump ថ្លែងថា៖ «យើងត្រូវចាំមើលថា នឹងមានអ្វីកើតឡើង។ កន្លងមកខ្ញុំបានតវ៉ាយ៉ាងខ្លាំងអំពីបញ្ហាសន្លឹកឆ្នោត ហើយសន្លឹកឆ្នោតនេះ ជាមហន្តរាយមួយ»។
លោកប្រធានាធិបតី កន្លងមកតែងបានទស្សន៍ទាយដោយគ្មានភស្តុតាងថា នឹងមានការបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំរាប់សិបលានសន្លឹក នៅពេលមានការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ ដែលជាមធ្យោបាយបោះឆ្នោតគាំទ្រដោយគណបក្សប្រជាធិបតេយ្យក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ នេះ។
លោក Trump បញ្ជាក់ដូច្នេះថា៖ «យើងមិនចង់ឲ្យមានរឿងសន្លឹកឆ្នោតនេះកើតឡើងទេ»។ លោកបានពន្យល់បន្ថែមថា ប្រសិនបើរឿងនេះកើតឡើងនោះ «និយាយដោយត្រង់ទៅ នឹងគ្មានការផ្ទេរ [អំណាច] នោះឡើយ។ នឹងមានការបន្តដូច្នេះតទៅមុខទៀត»។
គូប្រជែងរបស់លោក គឺលោក Joe Biden បានឆ្លើយតបភ្លាមៗនៅរដ្ឋ Delaware កាលពីថ្ងៃពុធថា៖ «តើយើងកំពុងស្ថិតនៅក្នុងប្រទេសណា? លោក Trump និយាយអ្វីមិនសមហេតុផលទាល់តែសោះ។ ខ្ញុំមិនដឹងនិយាយអ្វីទៀតទេ»។
លោក Mitt Romney សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ បានសម្តែងការព្រួយបារម្ភចំពោះប្រសាសន៍របស់លោក Trump ដោយលោកបានសរសេរតាម Twitter ថា៖ «ការផ្ទេរអំណាចដោយសន្តិវិធី ជារឿងចាំបាច់នៅក្នុងរបបប្រជាធិបតេយ្យ បើមិនដូច្នេះទេ របបនោះនឹងក្លាយដូចទៅនឹងប្រទេសបេឡារុស»។
កាលពីថ្ងៃពុធ លោក Trump ថា លោកគិតថាលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា «នឹងឈានដល់ការឡើងតុលាការកំពូល» ហើយ «វាជារឿងសំខាន់ជាទីបំផុតដែលតុលាការកំពូលមានសមាសភាពគ្រប់ ៩ អង្គចៅក្រម»។
នៅថ្ងៃសៅរ៍ខាងមុខ លោក Trump គ្រោងប្រកាសអំពីបេក្ខភាពដែលលោកជ្រើសរើសសម្រាប់ជំនួសតំណែងរបស់លោកស្រី Ruth Bader Ginsburg ចៅក្រមតុលាការកំពូលមាននិន្នាការសេរីនិយម ដែលបានស្លាប់កាលពីថ្ងៃសុក្រសប្តាហ៍មុន៕