លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងតែបង្វែរចំណាប់អារម្មណ៍របស់លោកទៅលើការធ្វើកំណែទម្រង់ពន្ធ ក្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការលុបចោលនិងជំនួសផែនការផ្តល់សេវាថែទាំសុខភាពជាតិបានបរាជ័យ។
លោកបានមានប្រសាសន៍នៅសេតវិមានកាលពីថ្ងៃសុក្រ បន្ទាប់ពីសមាជិកខាងគណបក្សសាធារណរដ្ឋបានដកច្បាប់ដែលជំនួសច្បាប់ Affordable Care ដែលគេស្គាល់ថា Obamacare ចេញ។ លោកបានថ្លែងថា «ខ្ញុំសូមនិយាយថា យើងនឹងប្រហែលជាចាប់ផ្តើមកាន់តែខ្លាំងក្នុងការកាត់បន្ថយពន្ធក្នុងបរិមាណច្រើននិងធ្វើកំណែទម្រង់ពន្ធ។ កិច្ចការនេះនឹងក្លាយជារឿងដែលត្រូវធ្វើបន្ទាប់»។
សមាជិកខាងគណបក្សសាធារណរដ្ឋត្រូវបានបង្ខំឲ្យលុបចោលការបោះឆ្នោតដើម្បីជំនួសច្បាប់ថែទាំសុខភាពនៅក្នុងសភា ដោយសារតែមិនទទួលបានការគាំទ្រគ្រប់គ្រាន់។
កាលពីព្រឹកថ្ងៃសុក្រ លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារបានមានប្រសាសន៍នៅក្នុងអំឡុងពេលនៃការផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Axios ថា លោកបានពិនិត្យទៅលើច្បាប់កំណែទម្រង់ពន្ធរបស់រដ្ឋបាលលោក Trump អស់រយៈពេល២ខែមកហើយ។
លោកថ្លែងថា ច្បាប់នេះនឹងរួមបញ្ចូលទាំងសំណើក្នុងការកាត់ពន្ធរបស់បុគ្គលនិងសហគ្រាសផងដែរ។ «ការផ្តោតសំខាន់របស់យើងគឺកាត់ពន្ធដល់អ្នកមានប្រាក់បៀវត្សមធ្យម មិនមែនជាអ្នកមានកំពូលនោះទេ»៕