អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហាញខ្លួននៅក្នុងតុលាការរដ្ឋ New York កាលពីថ្ងៃចន្ទ ដែលនៅទីនោះ ចៅក្រមកំពុងពិចារណាលើសំណុំរឿងមួយដែលអាចឈានទៅដល់ការរំលាយចោលផលប្រយោជន៍អាជីវកម្មជាច្រើនរបស់លោកនៅក្នុងរដ្ឋ New York និងការហាមឃាត់លោកនិងកូនប្រុសច្បងពីរនាក់របស់លោកមិនឱ្យធ្វើអាជីវកម្មនៅទីនោះទៀតឡើយ។
សំណុំរឿងនេះ ដែលកំពុងស្ថិតក្នុងដំណាក់កាលសវនាការដំបូងតាំងពីខែមករាមក ត្រូវបានប្ដឹងដោយអគ្គរដ្ឋអាជ្ញារដ្ឋ New York អ្នកស្រី Letitia James និងបានចោទប្រកាន់លោក Trump កូនប្រុសពីរនាក់របស់លោកឈ្មោះ Donald Jr. និងឈ្មោះ Eric ក្រុមហ៊ុន Trump Organization និងចុងចោទមួយចំនួនផ្សេងទៀតថាបានប្រព្រឹត្តបទល្មើសជាច្រើននៅក្រោម «កម្មវត្ថុនៃបណ្ដឹង» ចំនួន៦។
កម្មវត្ថុនៃបណ្ដឹងទាំងនោះមានដូចជាការក្លែងបន្លំកំណត់ត្រាអាជីវកម្ម ការឃុបឃិតដើម្បីក្លែងបន្លំកំណត់ត្រាអាជីវកម្ម ការចេញរបាយការណ៍ហិរញ្ញវត្ថុក្លែងក្លាយ ការឃុបឃិតដើម្បីក្លែងបន្លំរបាយការណ៍ហិរញ្ញវត្ថុក្លែងក្លាយ ការក្លែងបន្លំធានារ៉ាប់រង និងការឃុបឃិតដើម្បីប្រព្រឹត្តការក្លែងបន្លំធានារ៉ាប់រង។
ក្នុងចំណោមអង្គហេតុផ្សេងទៀត អ្នកស្រី James បានចោទចុងចោទថាបានផ្ដល់នូវការលាតត្រដាងព័ត៌មានហិរញ្ញវត្ថុមិនត្រឹមត្រូវនិងដែលនាំឱ្យមានការយល់ច្រឡំទៅឱ្យភាគីហិរញ្ញវត្ថុម្ខាងទៀតរបស់ខ្លួនដែលរួមមានទាំងធនាគារផងដែរ ដែលចុងចោទទាំងនេះបានស្នើសុំកម្ចី។
សវនាការបានចាប់ផ្ដើមក្នុងពេលតែប៉ុន្មានថ្ងៃក្រោយមកប៉ុណ្ណោះបន្ទាប់ពីលោកចៅក្រម Arthur F. Engoron បានសម្រេចចេញសាលក្រមសង្ខេបលើស្ថានភាពនៃផ្នែកសំខាន់មួយនៃសំណុំរឿងនេះ។ នៅក្នុងការសម្រេចនោះ លោក Engoron បានរកឃើញថា ស្ថានភាពបានបង្ហាញយ៉ាងច្បាស់ថា លោក Trump និងសហចុងចោទរបស់លោកបានប្រព្រឹត្ត «ការក្លែងបន្លំជាបន្តម្ដងហើយម្ដងទៀត» នៅក្នុងការលាតត្រដាងព័ត៌មានហិរញ្ញវត្ថុរបស់ខ្លួន ដែលមិនត្រូវតម្រូវឱ្យជជែករកហេតុផលលើផ្នែកសំខាន់នេះនៅក្នុងសំណុំរឿងនេះក្នុងអំឡុងពេលសវនាការ។
ជាលទ្ធផលនៃសាលក្រមសង្ខេបនេះ លោក Engoron បានបញ្ជាឱ្យលុបចោលអាជ្ញាបណ្ណអាជីវកម្មនៅក្នុងរដ្ឋ New York ទាំងអស់ដែលលោក Trump និងសហចុងចោទរបស់លោកបានដាក់ និងបានសម្រេចថា សាជីវកម្មពាក់ព័ន្ធនានានឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីទីបី។ នេះមានន័យថា ការគ្រប់គ្រងប្រចាំថ្ងៃលើទ្រព្យសម្បត្តិដ៏ច្រើនរបស់លោក Trump នៅក្នុងរដ្ឋ New York ដែលក្នុងនោះរួមមានទាំងអគារ Trump Tower អគារ 40 Wall Street និងទ្រព្យសម្បត្តិនិងអាជីវកម្មផ្សេងជាច្រើនទៀតនឹងមិនស្ថិតក្រោមការគ្រប់គ្រងប្រចាំថ្ងៃរបស់លោក Trump នោះទេ។
លោក Trump បានប្រកាសថាលោកមិនមានទោសនោះទេនៅក្នុងការចោទប្រកាន់ទាំងអស់នេះ ដោយបានចោទអ្នកស្រីអគ្គរដ្ឋអាជ្ញារដ្ឋ New York ដែលជាជាតិសាសន៍ស្បែកខ្មៅ ថាបានរើងអើសជាតិសាសន៍នៅក្នុងការសម្រេចរបស់អ្នកស្រីលើការចោទប្រកាន់រូបលោក និងថាការសម្រេចនេះគឺធ្វើឡើងដោយមានលក្ខណៈនយោបាយ។ លោក Trump ក៏បានវាយប្រហារស្រដៀងគ្នានេះផងដែរលើលោកចៅក្រម Engoron៕