លោក ត្រាំ ពន្យារពេល​៣០​ថ្ងៃ​ទៀត​សម្រាប់​គោលការណ៍​ណែនាំ​ទាក់ទង​នឹង​វីរុស​កូរ៉ូណា​នៅ​សហរដ្ឋ​អាមេរិក

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ពន្យារពេល​ការ​កម្រិត​ឱ្យ​មនុស្ស​ម្នាក់ៗ​នៅ​ឆ្ងាយ​ពី​គ្នា​ និង​គោលការណ៍​ណែនាំ​ផ្សេងទៀត​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា​នេះ រហូត​ដល់​ថ្ងៃទី៣០​ ខែមេសា ដោយ​លោក​និយាយ​ថា​អ្វី​ដែល​បាន​ធ្វើ​នេះ គឺ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស។

លោក​ ត្រាំ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​«បើ​លោក​អ្នក​អនុវត្ត​តាម​វិធាន​នេះ​បាន​កាន់តែ​ល្អ នោះ​សុបិន្ត​អាក្រក់​ទាំងមូល​នឹង​កាន់តែ​ឆាប់​ចប់»។ លោក ត្រាំ ថ្លែង​បន្ត​ទៀត​ថា លោក​ចង់​ឱ្យ​ជីវិត​វិល​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​ឡើងវិញ។

វិធានការ​កាត់បន្ថយ​ការ​ឆ្លង​រាលដាល​ដែល​រដ្ឋាភិបាល​បាន​កំណត់​រយៈពេល​២អាទិត្យ​មុន​ដំបូង ត្រូវ​ផុត​កំណត់​ត្រឹម​ថ្ងៃ​ចន្ទ​នេះ។

លោក ត្រាំ បាន​ព្យាករណ៍​ថា​អត្រា​ស្លាប់​ដោយសារ​កូវីដ​១៩​នៅ​សហរដ្ឋ​អាមេរិក នឹង​ឡើង​ដល់​ចំណុច​កំពូល​ក្នុង​រយៈពេល​២​សប្តាហ៍​ទៀត។ លោក​និយាយ​ថា បន្ទាប់​ពី​នោះ​ សហរដ្ឋ​អាមេរិក និង​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅ​រក​ភាព​ជាសះស្បើយ​ឡើង​វិញ​នៅ​ត្រឹម​ថ្ងៃទី១ ​ខែមិថុនា។

កន្លងមក​ លោក​ត្រាំ ធ្លាប់​និយាយ​ថា លោក​ចង់​ឱ្យ​សហរដ្ឋ​អាមេរិក វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ឡើងវិញ​ត្រឹម​ថ្ងៃទី១២​ ខែមេសា ដោយ​លោក​មិន​ចង់​ឱ្យ​ស្ថានភាព​នៃ​ការ​ស្តារ​សេដ្ឋកិច្ច​ មាន​លក្ខណៈ​អាក្រក់​ជាង​ជំងឺ​កូវីដ​១៩​នេះ​ទេ៕