លោកស្រី Nikki Haley អភិបាលរដ្ឋ South Carolina នឹងត្រូវលោកដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកជ្រើសរើសនៅថ្ងៃពុធនេះ សម្រាប់បម្រើការងារជាឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិ។
លោកស្រី Nikki Haley មានអាយុ៤៤ឆ្នាំ ហើយឱពុកម្តាយជាជនអន្តោប្រវេសន៍ឥណ្ឌា។ លោកស្រីកំពុងកាន់ ការងារជាអភិបាលរដ្ឋនៅក្នុងអាណត្តិទីពីរ ប៉ុន្តែមិនដែលមានបទពិសោធន៍ខាងគោលនយោបាយការបរទេសទេ។ លោកស្រីអាចនឹងក្លាយជាមន្ត្រីទីមួយដែលមិនមែនជាបុរសស្បែកស ហើយត្រូវជ្រើសរើសឱ្យធ្វើការនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកត្រាំ។
លោកស្រី Haley មិនបានគាំទ្រលោកត្រាំក្នុងអំឡុងពេលយុទ្ធនាការឃោសនាបឋម ដែលចុងក្រោយបាននាំឱ្យលោកត្រាំក្លាយជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋទេ។ ពីដំបូងលោកស្រីគាំទ្រលោកMarco Rubio សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Florida។ ហើយនៅពេលដែលលោក Rubio ដកខ្លួនចេញពីការប្រកួត លោកស្រីបានងាកមកគាំទ្រលោក Ted Cruz ដែលជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋតិចសាសវិញ។
នៅមុនការបោះឆ្នោតនៅថ្ងៃទី៨ ខែវិច្ឆិកា លោកស្រីបាននិយាយថា លោកស្រីមិនសាទរពីជម្រើសណាដែលទាមទារយកសេតវិមានមកឱ្យគណបក្សសាធារណរដ្ឋទេនៅពេលដែលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបញ្ចប់អាណត្តិនៅខែមករា ប៉ុន្តែបានបន្ថែមថា លោកស្រីនឹងបោះឆ្នោតជូនលោកត្រាំ។
លោកស្រីបានរិះគន់សំណើរបស់លោកត្រាំ ដែលថានឹងហាមឃាត់ជនមូស្លីមមិនឱ្យចូលក្នុងសហរដ្ឋអាមេរិកហើយប្រើប្រាស់គោលនយោបាយជាតិនិយមនោះទេ។
លោកត្រាំបានហៅលោកស្រីថា មានភាពទន់ខ្សោយលើបញ្ហាជនអន្តោប្រវេសន៍ ហើយកាលពីខែមិនាបានសរសេរលើទំព័រ Twitter របស់លោកថា «ពលរដ្ឋនៅរដ្ឋ South Carolina បានខ្មាសគេដោយសារតែ លោកស្រី Nikki Haley»៕