ដោយសករាជថ្មីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានចាប់ផ្ដើមហើយនោះ លោក ដូណាល់ ត្រាំ ទទួលបានអំណាចជាផ្លូវការ ហើយមានបំណងលុបចោលកេរដំណែលជាច្រើនដែលអ្នកកាន់តំណែងមុនលោក បានបន្សល់ទុក។ លោក ដូណាល់ ត្រាំ បានប្ដេជ្ញានៅក្នុងការថ្លែងសុន្ទរកថាមួយដែលស្ដាប់ទៅដូចជាសារនៃយុទ្ធនាការនយោបាយក្នុងពេលបោះឆ្នោតកាលពីឆ្នាំមុនថា លោកនឹងធ្វើការងារតំណាងឲ្យពលរដ្ឋអាមេរិកាំង «ដែលត្រូវគេបំភ្លេចចោល» ។
ដូចប្រធានាធិបតីមុនៗដែរ លោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងធម្មតា។
ដោយមានអ្នកគាំទ្រដែលរំភើបចិត្តរាប់សែននាក់ មើលមកលោក លោក ត្រាំ បានផ្ដល់សញ្ញាណយ៉ាងរហ័សមួយអំពីយុគសម័យថ្មីនៃការផ្លាស់ប្ដូរក្នុងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
លោកត្រាំ មានប្រសាសន៍ទៅកាន់មនុស្សម្នាទាំងនោះថា៖
«យើងមិនគ្រាន់តែផ្ទេរអំណាចពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយទៀត ឬពីគណបក្សមួយទៅគណបក្សមួយទៀតប៉ុណ្ណោះទេ គឺយើងកំពុងផ្ទេរអំណាចពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ហើយប្រគល់អំណាចនេះ ទៅឲ្យអ្នកទាំងអស់គ្នា ដែលជាប្រជាពលរដ្ឋវិញ»។
លោក ត្រាំ ក៏មានសារមួយមិនមែនសម្រាប់តែពលរដ្ឋអាមេរិកាំងប៉ុណ្ណោះទេ តែក៏សម្រាប់អ្នកទស្សនាសន្ទរកថារបស់លោកនៅជុំវិញពិភពលោកដែរ។
លោកត្រាំ មានប្រសាសន៍នៅក្នុងថ្ងៃស្បថចូលកាន់តំណែងកាលពីថ្ងៃសុក្រនោះថា៖
«ចាប់ពីថ្ងៃនេះតទៅ ទស្សនវិស័យថ្មីមួយ នឹងគ្រប់គ្រងដែនដីរបស់យើង។ ចាប់ពីខណៈពេលនេះទៅ ទស្សនវិស័យនោះ គឺមានតែអាមេរិកមុនគេ អ្វីៗគឺអាមេរិកមុនគេ ប៉ុណ្ណោះ»។
លោក ត្រាំ បានយកមកប្រើរូបភាពនៃរោងចក្រអាមេរិកាំងដែលបានបិទទ្វារនិងរូបភាពនៃពលរដ្ឋអាមេរិកាំង ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន «បំភ្លេចចោល» ។
អ្នកជំនាញ Jack Raycove នៃសកលវិទ្យាល័យ Standford University បានមានប្រសាសន៍តាមប្រព័ន្ធSkype ថាពាក្យសម្ដីជាច្រើនក្នុងសុន្ទរកថារបស់លោក ត្រាំ បានសំដៅទៅរកអ្នកគាំទ្រដ៏មុតមាំរបស់លោក។
«លោក ត្រាំ គ្រាន់តែប្រាប់ពីទស្សនវិស័យរបស់លោកអំពីពលរដ្ឋអាមេរិកាំងប៉ុណ្ណោះ ឬក៏យ៉ាងហោចណាស់ សំដៅដល់អ្នកបោះឆ្នោតឲ្យលោក ត្រាំ ដែលត្រូវគេធ្វើព្រងើយកន្តើយដាក់ ត្រូវគេធ្វើឲ្យអាក់អន់ចិត្ត ឬសូម្បីតែត្រូវគេក្បត់»។
លោក ត្រាំ ក៏បានអំពាវនាវឲ្យមានឯកភាពជាតិ នៅក្រោយពីការបោះឆ្នោតដែលមានការបែងចែកគ្នាកាលពីឆ្នាំមុន។
លោកត្រាំ មានប្រសាសន៍ថា៖
«យើងត្រូវតែនិយាយដោយបើកចំហចេញពីចិត្តរបស់យើង និងជជែកដេញដោយគ្នាយ៉ាងស្មោះត្រង់អំពីការមិនយល់ស្របគ្នា ប៉ុន្តែ យើងតែងតែបន្តសាមគ្គីភាពរបស់យើង។ នៅពេលអាមេរិក មានការរួបរួមគ្នា នោះគ្មាននរណាអាចបញ្ឈប់អាមេរិក បានឡើយ»។
ប៉ុន្តែ ការបែងចែកគ្នាខាងនយោបាយនោះ បានលេចរូបរាងឡើងកាលពីថ្ងៃសុក្រ ដោយមានការតវ៉ាប្រឆាំងនឹងលោក ត្រាំ ដែលមានរាយប៉ាយ ជុំវិញទីក្រុង រួមទាំងការប្រឈមមុខដាក់គ្នាជាមួយប៉ូលិសផង។
លោក ត្រាំ ឡើងកាន់តំណែង ដោយមានអត្រានៃការគាំទ្រពីសាធារណជនទាបជាងគេបំផុត សម្រាប់ប្រធានាធិបតីដែលចូលកាន់តំណែងថ្មី ក្នុងរយៈពេលជាច្រើនទសវត្សចុងក្រោយនេះ។
ប៉ុន្តែ លោក John Fortierអ្នកជំនាញនៃមជ្ឈមណ្ឌលគោលនយោបាយទ្វេបក្ស(Bipartisan Policy Center) មានប្រសាសន៍ថា គេរំពឹងថា លោក ត្រាំ នឹងចាប់ផ្ដើមធ្វើការងារយ៉ាងលឿន ទៅលើអាទិភាពរបស់លោក ដែលរួមមានផ្នែកអន្តោប្រវេសន្ត និងការថែទាំសុខភាពជាដើម។
«ចាប់ទីពេលនេះទៅ លោក ត្រាំ ពិតជាមានសំឡេងគាំទ្រនៅក្នុងសភា ដែលមានសំឡេងមតិភាគច្រើនខាងគណបក្សសាធារណរដ្ឋ ដើម្បីសម្រេចកិច្ចការជាច្រើនបាន។ ប៉ុន្តែ លោកក៏មានកិច្ចការលំបាកខ្លាំងជាច្រើនទៀត ដែលត្រូវដោះស្រាយ។ ការលុបចោលនិងការជំនួសកម្មវិធីថែទាំសុខភាព Obamacare គឺជាអ្វីមួយដែលអ្នកគាំទ្រគណបក្សសាធារណរដ្ឋទាំងអស់ចង់បាន ប៉ុន្តែ សេចក្ដីពិស្ដារនិងរបៀបធ្វើនោះ មានការលំបាកខ្លាំងណាស់»
លោក ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីថ្មី ក្នុងនាមជាភ្នាក់ងារនៃការផ្លាស់ប្តូរ។ ប៉ុន្តែ អ្នកប្រវត្តិសាស្ត្រ Richard Norton Smith មានប្រសាសន៍ថា ការណ៍នេះ ក៏មានហានិភ័យខាងនយោបាយដែរក្នុងពេលកន្លងមក។
«ដោយលោកប្រធានាធិបតីអាមេរិក Woodrow Wilson បានមានប្រសាសន៍យ៉ាងល្បីខ្ទរខ្ទារអញ្ចឹងថា ប្រសិនបើអ្នកចង់មានសត្រូវនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននោះ ចូរសាកផ្លាស់ប្ដូរអ្វីមួយលមើលទៅ។ ប្រធានាធិបតីទាំងឡាយណា ដែលចង់ធ្វើការផ្លាស់ប្តូរជាដុំកំភួន ធ្វើឲ្យមានសត្រូវជាច្រើន »។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ការផ្លាស់ប្តូរនោះ បានក្លាយជាផ្លូវការហើយនៅពេលនេះ។ សម័យកាលលោក អូបាម៉ា បានក្លាយជាប្រវត្តិសាស្ត្រហើយ ខណៈយុគសម័យលោក ដូណាល់ ត្រាំ ទើបនឹងចាប់ផ្តើម៕
ប្រែសម្រួលដោយ សាយ មុន្នី