គណបក្ស​ប្រ​ជាធិបតេយ្យ​អាមេរិកចោទ​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ​អំពី​រឿងពុករលួយ​ដើម្បី​ជួយ​លោក​ឲ្យ​ជាប់​ឆ្នោត​ឆ្នាំ​២០២០

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​សេដ្ឋកិច្ច​កំពូល​ក្នុង​ទីក្រុង Davos ប្រទេស​ស្វីស។

សមាជិកសភា​តំណាង​រាស្រ្ត​ខាង​គណបក្ស​ប្រជាធិបតេយ្យសហរដ្ឋអាមេរិក ​បាន​ចោទ​ប្រកាន់លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ​កាលពី​ថ្ងៃ​ពុធ​ពីការ​រៀប​ចំ​«ផែនការ​ពុករលួយ»​ដើម្បី​គាប​សង្កត់​ប្រទេស​អ៊ុយក្រែន​ឲ្យ​ស៊ើបអង្កេត​លោកJoe Biden អតីត​អនុប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​ជា​គូ​ប្រជែង​ខាងនយោបាយ​របស់​លោកដើម្បី​បោកបន្លំ​ឲ្យបាន​ជាប់​ឆ្នោត​ម្តងទៀត​នៅ​ឆ្នាំ​នេះ។

លោក Adam Schiff សមាជិក​សភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ បាន​ប្រាប់​សមា​ជិក​ព្រឹទ្ធសភា​ចំនួន១រយនាក់​ដែល​ធ្វើ​ជា​ក្រុម​ប្រឹក្សា​ជំនំ​ជម្រះ​នៅ​ក្នុងការជំនំ​ជម្រះ​ប្រធានា​ធិបតីស្តី​ពីបទចោទ​ប្រកាន់២នៃការ​ចោទ​ប្រកាន់​ដកហូត​ប្រធា​នា​ធិបតី​ចេញ​ពី​តំណែង​ថា «​លោក​ប្រធានា​ធិបតី ​បាន​បង្ហាញ​ថា ​លោក​ជឿ​ថា ​លោក​ស្ថិតនៅ​ពីលើ​ច្បាប់​ហើយ​ចង់​បញ្ចេញ​ឥរិយាបទ​អ្វី​ក៏បាន»។

លោក Schiffដែល​បាន​ថ្លែង​នៅឯការចាប់​ផ្តើម​ការជជែក​ដេញដោល​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ ​មាន​គោល​បំណង​កាត់ទោស​ប្រ​ធានា​ធិបតី​ត្រាំខាង​គណបក្ស​សាធារណរដ្ឋ និង​ដក​លោក​ចេញ​ពី​តំណែង ​បាន​និយាយ​ថា ប្រធា នា​ធិបតី​ទី៤៥​របស់​ប្រទេស​អាមេរិក«បាន​ស្វះស្វែង​រក​ការជួយ​ពី​បរទេស​ដើម្បី​ជួយ​ខាង​នយោបាយ​ដល់ខ្លួន​លោក​នៅ​ក្នុង​ប្រទេស»។

លោក Schiff ជា​អ្នក​រៀបចំ​ចាត់ចែង​នាំ​មុខ​ម្នាក់របស់​សភា​តំណាងរាស្រ្ត​ដែល​បានជំនំ​ជម្រះ​សំណុំ​រឿង​ប្រឆាំង​នឹង​លោក​ប្រធានា​ធិបតី​ត្រាំ ​បាននិយាយថា ​លោក​ប្រធានា​ធិបតី បាន​ផ្អឹប​ប្រាក់​ជំនួយ​យោ​ធាចំនួន​៣៩១លាន​ដុល្លារ​ដែល​សភា​បានយល់ព្រម​សម្រាប់​ប្រទេស​អ៊ុយក្រែនជា«ប្រទេស​ដែល​មាន​សង្គ្រាម​ជាមួយ​ប្រទេស​រុស្ស៊ី»ខណៈ​ដែល​គាបសង្កត់​ប្រធានា​ធិបតី​អ៊ុយក្រែន​លោកVolodymyr Zelenskiy បើក​ការស៊ើប អង្កេត​លោក Biden និង​លោក Hunter Biden កូន​ប្រុស​របស់​លោក​ដែល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ឧស័្មន​ធម្មជាតិ​អ៊ុយក្រែន ​ហើយ​និង​ទ្រឹះស្តី​ក្លែង​បន្លំ​ថា អ៊ុយក្រែន​ជ្រៀត​ជ្រែក​ក្នុងការ​បោះឆ្នោត​ប្រធានា​ធិប​តី​ឆ្នាំ​២០១៦ធ្វើ​ឲ្យ​អន្តរាយ​យុទ្ធនាការ​ឃោសនា​បោះ ឆ្នោត​របស់​លោក​ត្រាំ៕